ព័ត៌មានអន្តរជាតិ

រុស្ស៊ី អាច​នឹងទម្លាក់​កម្រិត ​ទំនាក់ទំនង​ការទូត ​ជាមួយ​អាមេរិក

AFP

ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បានឲ្យដឹងថា ប្រទេសរុស្ស៊ី មិនច្រានចោលនូវលទ្ធភាព នៃការបន្ទាបទំនាក់ទំនងការទូត របស់ខ្លួនជាមួយសហរដ្ឋអាមេរិក ក្នុងកាលៈទេសៈជាក់លាក់ណាមួយឡើយ

នៅក្នុងបទសម្ភាសន៍ជាមួយ ទីភ្នាក់ងារសារព័ត៌មាន TASS លោក Ryabkov បានឲ្យដឹងថា រុស្ស៊ីមិនដែលផ្តួចផ្តើមគំនិត ដើម្បីធ្វើការផ្លាស់ប្តូរបែបនេះ នៅក្នុងទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក ឬប្រទេសណាតូផ្សេងទៀតឡើយ។

លោក​បានលើកឡើងថា “ទោះ​ជា​យ៉ាង​ណា ពួកគេ​ពិតជា​អាច​ធ្វើ​ទៅ​បាន​តាម​ទស្សនៈ​របស់​ខ្ញុំ ប្រសិនបើ​ក្រុម​លោក​ខាង​លិច​ជ្រើសរើស​ផ្លូវ​នៃ​ការ​កើនឡើង​នោះ​” នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។

លោកបានបន្ថែមថា នេះមិនចាំបាច់ពាក់ព័ន្ធនឹងការគាំទ្របន្ថែមសម្រាប់ទីក្រុងគៀវនោះទេ ប៉ុន្តែក៏អាចអនុវត្ត ចំពោះទ្រព្យសម្បត្តិរបស់រុស្ស៊ី ឬសកម្មភាពសេដ្ឋកិច្ចផ្សេងទៀតផងដែរ។

លោក​បាន​បន្ត​ថា “អ្វី​ដែល​នឹង​បង្ក​ឲ្យ​មាន​ស្ថានការណ៍​បែប​នេះ មិន​មែន​ជា​សំណួរ​សម្រាប់​ថ្ងៃ​នេះ​ទេ យ៉ាង​ហោច​ណាស់ ខ្ញុំ​មិន​បាន​ត្រៀម​ខ្លួន​ដើម្បី​ពិភាក្សា​អំពី​ប្រធាន​បទ​នេះ​ទេ”។

លោក Ryabkov បានបន្ថែមថា “ប្រសិនបើមានភាពធ្ងន់ធ្ងរបន្ថែមទៀត នេះនឹងក្លាយជាប្រធានបទនៃការវិភាគដាច់ដោយឡែក និងការសម្រេចចិត្តនៅកម្រិតនៃភាពជាអ្នកដឹកនាំនយោបាយ”៕
ប្រែសម្រួល ឈូក បូរ៉ា

To Top