សេអ៊ូល៖ យោធាក្រុងសេអ៊ូលបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបញ្ជូនបាល់ឡុងហោះដែលផ្ទុកពោរពេញទៅដោយកម្ទេចកម្ទីរាប់រយបំណែកឆ្លងកាត់ព្រំដែន ដើម្បីដាក់ទណ្ឌកម្មលើកូរ៉េខាងត្បូង ។
អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានឲ្យដឹងថា ខ្លួនបានរកឃើញការបាញ់បង្ហោះ “អ្វីដែលគេសង្ស័យថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រហែល១០គ្រាប់” ដែលបានបាញ់ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ ។
អគ្គលេខាធិការ JCS បានបញ្ជាក់ថា មីស៊ីលបានហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ ដោយបានបន្ថែមថា ខ្លួនកំពុងធ្វើការវិភាគលើចំណុចជាក់លាក់ រួមជាមួយសហរដ្ឋអាមេរិក និងជប៉ុន ។
ការបាញ់បង្ហោះនេះគឺជា “ការបង្កហេតុដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅលើឧបទ្វីបកូរ៉េ” ។
ឆ្មាំឆ្នេរសមុទ្រ និងការិយាល័យនាយករដ្ឋមន្ត្រីរបស់ប្រទេសជប៉ុន ក៏បានបញ្ជាក់ពីការបាញ់បង្ហោះនេះផងដែរ ហើយបានបញ្ជាក់ថា ពួកគេកំពុងពិនិត្យមើលសម្រាប់ព័ត៌មានបន្ថែមទៀត ៕