ព័ត៌មានអន្តរជាតិ

ទីប្រឹក្សា​កងឆ្មាំបដិវត្តន៍ អ៊ីរ៉ង់​ បាន​ស្លាប់​នៅ​ស៊ីរី​ សង្ស័យ​ថា​ត្រូវ​អ៊ីស្រាអែល ​វាយប្រហារ

Xinhua

បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានចោទអ៊ីស្រាអែលថា បានវាយប្រហារនៅក្នុងប្រទេស ស៊ីរីដោយបានសម្លាប់មនុស្ស ១៦ នាក់រួមទាំងទីប្រឹក្សាមកពីកងឆ្មាំបដិវត្តន៍ អ៊ីស្លាមរបស់ប្រទេសអ៊ីរ៉ង់ផងដែរ។

យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មាន Tasnim របស់អ៊ីរ៉ង់បានរាយការណ៍ កាលពីថ្ងៃសុក្រថា លោក “Saeed Abyar ដែលជាទីប្រឹក្សាម្នាក់ នៃកងឆ្មាំបដិវត្តន៍ អ៊ីស្លាមអ៊ីរ៉ង់ (IRGC) នៅក្នុងប្រទេសស៊ីរី ត្រូវបានស្លាប់នៅក្នុងការវាយឆ្មក់របស់អ៊ីស្រាអែល លើទីក្រុង អាឡិបប៉ូ នៅយប់ថ្ងៃទី ២ ខែមិថុនា” ប៉ុន្តែមិនបានបញ្ជាក់តួនាទីរបស់ Abyar ទេ។

សេចក្តីប្រកាសមួយ របស់ក្រសួងការពារជាតិ ស៊ីរីបាននិយាយថា អ៊ីស្រាអែល បានបើកការវាយប្រហារ ពីភាគអាគ្នេយ៍នៃទីក្រុង អាឡិបប៉ូ ដោយផ្តោតលើ ទីតាំងមួយចំនួននៅជិត ទីក្រុងនេះភ្លាមៗបន្ទាប់ពីពាក់កណ្តាលអធ្រាត្រ។ ហេតុការណ៍​នេះ​បាន​បណ្តាល ​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​ខូចខាត​សម្ភារៈ​មួយ​ចំនួន ។

យោងតាមអង្គការឃ្លាំមើល សិទ្ធិមនុស្សស៊ីរី ដែលមានមូលដ្ឋាន នៅចក្រភពអង់គ្លេស (SOHR), អ៊ីស្រាអែលបានវាយឆ្មក់ រោងចក្រមួយនៅ Hayyan ភាគពាយព្យនៃទីក្រុង អាឡិបប៉ូ ដោយបានសម្លាប់សមាជិក ១៦ នាក់នៃក្រុមគាំទ្រអ៊ីរ៉ង់។ ក្រុម​នេះ​រួម​មាន​យុទ្ធជន​ស៊ីរី និង​បរទេស។

អ៊ីស្រាអែល​មិន​បាន​ធ្វើ​អត្ថាធិប្បាយ​លើ​ព័ត៌មាន​នេះ​ទេ។ ប្រទេសនេះកម្រនិយាយចេញអំពីការវាយឆ្មក់នៅក្នុងប្រទេសស៊ីរី ប៉ុន្តែបានប្រកាសម្តងហើយម្តងទៀតថា ខ្លួននឹងមិនអនុញ្ញាតឱ្យ “សត្រូវ” អ៊ីរ៉ង់ បង្កើនវត្តមានរបស់ខ្លួននៅក្នុងប្រទេសនោះទេ។

ស្ថាន​កុងស៊ុល​នៅ​ខាង​ក្នុង​ ស្ថានទូត​អ៊ីរ៉ង់​ក្នុង​ប្រទេស​ស៊ីរី​ត្រូវ​បាន​វាយ​ប្រហារ​នៅ​ថ្ងៃ​ទី ១ ខែ​មេសា ដោយ​បាន​សម្លាប់​មនុស្ស ១៣ នាក់ ក្នុង​នោះ​មាន ​សមាជិក IRGC ៧ នាក់​។ អ៊ីរ៉ង់​បាន​ចោទ​អ៊ីស្រាអែល​ថា​ ជា​អ្នក​នៅ​ពី​ក្រោយ​ខ្លួន ប៉ុន្តែ​ទីក្រុង Tel Aviv មិន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ទេ៕

ប្រែសម្រួលៈ ណៃ តុលា


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top