ព័ត៌មានជាតិ

ចិនតែងតាំងលោក Wang Wenbin ឯកអគ្គរដ្ឋទូតថ្មី ប្រចាំកម្ពុជា

ភ្នំពេញ៖ អតីតអ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានក្លាយជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ជំនួស​លោក Wang Wentian ដែលចប់អាណត្តិ កាលពីចុងខែឧសភា ឆ្នាំ២០២៤ ។ នេះបើតាមការផ្សាយរបស់កាសែត China Daily កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤។

មុខតំណែងថ្មីរបស់លោក Wang ត្រូវបានបញ្ជាក់ដោយទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិចិន នៅក្នុងកិច្ចប្រជុំរបស់គាត់ ជាមួយប្រធានទីភ្នាក់ងារ លោក Luo Zhaohui កាលពីថ្ងៃអង្គារ។

លោក Wang បានបម្រើការជាអ្នកនាំពាក្យទី ៣២ នៃក្រសួងការបរទេសចិន ពីខែកក្កដា ឆ្នាំ 2020 ដល់ខែឧសភា ឆ្នាំ 2024 ។

លោក Wang Wenbin ក៏ធ្លាប់បានអមដំណើររដ្ឋមន្រ្តីការបរទេសចិន មកទស្សនកិច្ចនៅកម្ពុជា កាលពីដើមឆ្នាំ ២០២៤នេះផងដែរ។

លោក Wang Wenbin (រូបភាព៖ ក្រសួងការបរទេសចិន)

មន្រ្តីស្ថានទូតចិន ប្រចាំកម្ពុជា​ អះអាងខ្លួន មិនមានសិទ្ធក្នុងការផ្តល់ព័ត៌មានបញ្ជាក់បន្ថែម ជុំវិញការតែងតាំង​ប្រមុខការទូតរបស់ខ្លួន បាននោះទេ។

ឥរស្សជន វ័យអាយុ ៥៣ ឆ្នាំរូបនេះ បានបម្រើការក្នុងបេសកកម្មការទូត អស់រយៈពេលជាង 30 ឆ្នាំមកហើយ ដែលភាគច្រើន បានចូលរួមនៅក្នុងផ្នែកនៃផែនការគោលនយោបាយ និងកិច្ចការនៃប្រទេសអាហ្វ្រិក។

ក្រៅពីភាសាចិន ជាភាសាកំណើត លោក ក៏ចេះដឹងភាសាអង់គ្លេស បារាំង អារ៉ាប់ កូរ៉េ ជប៉ុន រុស្សី អេស្ប៉ាញ ព័រទុយហ្គាល់ អាឡឺម៉ង់ យ៉ាងស្ទាត់ជំនាញផងដែរ។

លោកធ្លាប់បម្រើការជាឯកអគ្គរដ្ឋទូតចិន ប្រចាំប្រទេសទុយនេស៊ី៕

ដោយ៖ សយ សុភា

To Top