ព័ត៌មានជាតិ

សម្តេចធិបតី ប្រកាសជាផ្លូវការថា ព្រែកជីកហ្វូណន តេជោ នឹងបើកការដ្ឋានសាងសង នៅថ្ងៃ៥ សីហា

កំពត ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានប្រកាសថា គម្រោងព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ខាងមុខ ខណៈប្រជាពលរដ្ឋ នៅតាមតម្រាយ នៃគម្រោងបានចូលរួមអបអរទាំងអស់គ្នា ដើម្បីឲ្យព្រែកជីកនេះ លេចចេញជារូបរាងឆាប់ៗ។

ក្នុងពិធីសម្ពោធបើក ឲ្យប្រើប្រាស់ជាផ្លូវការ «កំពង់ផែពហុបំណងកំពត» នៅថ្ងៃ៦ មិថុនា បន្ទាប់ពីបានថ្លែង អំណរគុណចំពោះប្រជាពលរដ្ឋខ្មែរទាំងអស់ គាំទ្រយ៉ាងពេញទំហឹងចំពោះ គម្រោងព្រែកជីកហ្វូណនតេជោសម្ដេចធិបតី ក៏បានជាផ្លូវការ អំពីការសាងសង់នាថ្ងៃ៥ សីហា ក្រុមការងារបច្ចេកទេស បានត្រៀមសម្ភារៈ សម្រាប់ការសាងសង់រួចរាល់ អស់ហើយ។

នាយករដ្ឋមន្ដ្រីគូបញ្ជាក់ថា «ខ្ញុំសូមបញ្ជាក់ផងដែរថា ការបើកសាងសង់គម្រោងនេះ មិនយូរទេ។ ថ្ងៃមុន ខ្ញុំទៅគិរីរម្យថា បើកការដ្ឋានខែសីហា ឆ្នាំ២០២៤។ ខ្ញុំ ប្រកាសតែម្ដង គឺថ្ងៃទី៥ សីហា ២០២៤(សាងសង់) »

សម្ដេចធិបតីក៏បានអំពាវនាវឲ្យពលរដ្ឋ បន្តចូលរួមគាំទ្រ ទាំងគោលគំនិត និងស្មារតី ដល់គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីការរីកចម្រើនឈានទៅមុខដោយរលូន នៃការប្រែក្លាយប្រទេសជាតិ និងចូលរួមបន្តគាំទ្រ ដោយជឿទុកចិត្ត ទៅលើរាជរដ្ឋាភិបាលដែលធ្វើដើម្បីបុព្វហេតុជាតិ។

ជាមួយគ្នានេះ សម្តេចក៏បានរំលឹកអំពីមនុស្សមួយចំនួន ដែលមាននិន្នាការប្រឆាំងនឹងគម្រោងនេះថា កម្ពុជាបានខ្ចីលុយ ពីបរទេសមកកសាង ប៉ុន្តែសម្ដេចដាស់តឿន ទៅពួកគេកុំឲ្យយល់ច្រឡំទៀតថា គម្រោងនេះ គឺជាគម្រោងវិនិយោគ ដោយលក្ខណៈឯកជនប៉ុណ្ណោះ។

ដោយសម្ដេចធិបតីបន្ដរៀបរាប់ថា គម្រោងនេះ កសាងដោយវិស័យឯកជនក្រោមរូបភាព (BOT) កសាងប្រតិបត្តិការ និងផ្ទេរ។ មានន័យថា ពេលវិស័យឯកជន ប្រតិបត្តិការ ហើយដល់ពេលវេលាណាមួយ សមរម្យតាមកិច្ចព្រមព្រៀង នឹងផ្ទេរមកកាន់រដ្ឋវិញ ។ សម្ដេចថា ក្នុងការកសាងនោះ ក៏មានវិនិយោគពីជនជាតិខ្មែរលើស៥០ភាគរយផងដែរ។ សម្ដេចថា «គម្រោងព្រែកជីកហ្វូណនតេជោ គឺមានលក្ខណៈជាតិនិយម»។

គម្រោង «ព្រែកជីកហ្វូណនតេជោ» ប្រវែង១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវ នៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និង បន្តរហូតដល់សមុទ្រ ខេត្តកែប ដោយឆ្លង កាត់ខេត្តចំនួន៤ ៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ ៕

To Top