ព័ត៌មានជាតិ

រុស្ស៊ី នឹងមិនជ្រៀតជ្រែក លើកិច្ចការ របស់ប្រទេសកម្ពុជា

ភ្នំពេញ៖ នៅចំពោះមុខ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា លោក អាណាតូលី បូរ៉ូវីក (Anatoly Borovik) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា  បានបញ្ជាក់ថា រុស្ស៊ីនឹងមិនជ្រៀតជ្រែក លើកិច្ចការ របស់ប្រទេសកម្ពុជានោះទេ។

ការបញ្ជាក់នេះធ្វើឡើង ក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យលោកឯកអគ្គរដ្ឋទូត រូបនេះ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នេះ។

ក្នុងជំនួបនេះ លោកអាណាតូលី បូរ៉ូវីក បានបញ្ជាក់ថា ប្រជាជនរុស្ស៊ីស្គាល់សម្ដេចតេជោយ៉ាងច្បាស់ ដោយ សម្ដេចតេជោបានផ្តល់នូវវិភាគទាន យ៉ាងសម្បើម ចំពោះចំណងមិត្តភាព និងកិច្ចសហការរវាងកម្ពុជានិងអតីតសហភាពសូវៀត និងបន្តមកដល់សហព័ន្ធរុស្ស៊ី នាពេលបច្ចុប្បន្ននេះ។

លោកបានរំឭកផងដែរថា កម្ពុជានិងរុស្ស៊ីតែងតែបញ្ជូនអ្នកសង្កេតការណ៍ ទៅពិនិត្យការបោះឆ្នោតនៅប្រទេសរៀងៗខ្លួន ហើយលោកបានសម្ដែងនូវការកោតសរសើរ និងអរគុណចំពោះទំនាក់ទំនង ដ៏ល្អប្រសើរនេះ។

លោកបានបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជានិង សហព័ន្ធរុស្ស៊ី មានទំនាក់ទំនងមិត្តភាពជិតស្និទ្ធ និងប្រវត្តិយូរអង្វែងរយៈពេល ៦៨ឆ្នាំហើយ។ រុស្ស៊ីកំពុងតែខិតខំព្យាយាមដើម្បីពង្រឹងទំនាក់ទំនង កិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។

លោកឯកអគ្គរដ្ឋទូត បានបង្ហាញថាលោក នឹងខិតខំធ្វើយ៉ាងណាក្នុងការលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ ទំនាក់ទំនងរវាងក្រុមមិត្តភាពរដ្ឋសភា និងព្រឹទ្ធសភា ដើម្បីឱ្យចំណងមិត្តភាព រវាងប្រទេសទាំងពីរ កាន់តែត្រូវបានពង្រឹងនិងរីកចម្រើនជាលំដាប់។ ពាកព័ន្ធនឹងទំនាក់ទំនងសេដ្ឋកិច្ច លោកបានសង្កេតឃើញថា ទំហំពាណិជ្ជកម្មយើង នៅតូចនៅឡើយ ដោយលោកបញ្ជាក់ថាក្រុមហ៊ុនរុស្ស៊ី មួយចំនួន កំពុងតែស្វែងរកដៃគូរបស់ខ្លួន ហើយកំពុងតែធ្វើការជាមួយនឹង សភាពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីវិនិយោគនៅកម្ពុជា។

នៅលើវេទិការអន្តរជាតិ លោក បានរំឭកថា កម្ពុជានិងរុស្ស៊ីបានជួយគ្នា និងសម្របសម្រួលគ្នានៅលើយន្តការអង្គការសហប្រជាជាតិ អង្គការអន្តរជាតិនិងតំបន់ ហើយសូមអរគុណកម្ពុជាក្នុងតួនាទី ជាអ្នកសម្របសម្រួលរវាងអាស៊ាននិងរុស្ស៊ី ក្នុងការជួយពង្រឹងភាពជាដៃគូ សន្ទនា របស់រុស្ស៊ីនៅក្នុងអាស៊ានផងដែរ។

លោក ឯកអគ្គរដ្ឋទូត បានរំឭកផងដែរ កម្ពុជាជាមិត្តចាស់ មិត្តគួរឱ្យទុកចិត្ត ជាដៃគូដ៏ល្អ និងខិតខំប្រឹងប្រែងពង្រឹង និងពង្រីកនូវទំនាក់ទំនងដែលមានសក្តានុពល និងជំរុញដល់កិច្ចសហការដើម្បីអភិវឌ្ឍន៍ និងដើម្បីផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរ៕


Warning: Attempt to read property "term_id" on false in /var/www/dap-news.com/htdocs/wp-content/themes/flex-mag/functions.php on line 999
To Top