បរទេស ៖ រដ្ឋបាលលោក Biden នៅសប្តាហ៍នេះបានព្រមានកូរ៉េខាងជើង ប្រឆាំងនឹងការផ្តល់ឱ្យប្រធានាធិបតី រុស្ស៊ីលោក វ្លាឌីមៀ ពូទីន ជា “វេទិកា ឬកម្មវិធីមួយ ដើម្បីលើកកម្ពស់សង្រ្គាម ឈ្លានពានរបស់រុស្ស៊ី” ប្រឆាំងនឹងអ៊ុយក្រែន មុនពេលដែលលោក ពូទីនអាចធ្វើដំណើរ ទៅកាន់ទីក្រុងព្យុងយ៉ាង។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី Tass បានរាយការណ៍កាលពីថ្ងៃទី៣០ ខែឧសភាថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានអញ្ជើញលោក ពូទីន ទៅកាន់ទីក្រុងព្យុងយ៉ាង នៅពេលដែលលោកបានធ្វើទស្សនកិច្ចនៅប្រទេសរុស្ស៊ីកាលពីខែកញ្ញា ហើយការត្រៀមរៀបចំកំពុងត្រូវបានធ្វើឡើង សម្រាប់ការធ្វើដំណើររបស់លោក។
សារព័ត៌មាន Tass បានដកស្រង់សម្តី អនុរដ្ឋមន្ត្រីការបរទេសអាមេរិក Andrey Rudenko ដោយនិយាយថា ការត្រៀមរៀបចំសម្រាប់ដំណើរ ទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ប្រទេសកូរ៉េខាងជើង ក៏ដូចជាទៅកាន់ប្រទេសវៀតណាម គឺស្ថិតក្នុង “ដំណាក់កាលជឿនលឿនមួយ”។
VOA បានទាក់ទងទៅស្ថានទូតរុស្ស៊ី ក្នុងទីក្រុងសេអ៊ូលដោយសួរថា តើកាលបរិច្ឆេទត្រូវកំណត់ សម្រាប់ដំណើរទស្សនកិច្ចរបស់លោកពូទីនទៅក្រុងព្យុងយ៉ាងដែរឬអត់ ប៉ុន្តែមិនបានទទួលការឆ្លើយតបនោះទេ ។
មានការរំពឹងទុកថា លោក ពូទីន នឹងធ្វើទស្សនកិច្ចនៅកូរ៉េខាងជើង បន្ទាប់ពីលោកបានជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង កាលពីខែឧសភា។
ជាការឆ្លើយតបទៅនឹងការកត់ សម្គាល់របស់លោក Rudenko អំពីដំណើររបស់លោកពូទីនទៅកាន់ទីក្រុងព្យុងយ៉ាង អ្នកនាំពាក្យក្រសួងការបរទេស សហរដ្ឋអាមេរិកបាននិយាយនៅក្នុងអ៊ីមែលមួយ ទៅកាន់សេវាកូរ៉េរបស់ VOA កាលពីថ្ងៃអង្គារថា “ក្នុងពេលដែលរុស្ស៊ីបន្តស្វែងរកការគាំទ្រពីអន្តរជាតិ ដើម្បីទ្រទ្រង់សង្រ្គាមខុសច្បាប់ និងឃោរឃៅរបស់ខ្លួន ប្រឆាំងនឹងអ៊ុយក្រែន យើងសូមបញ្ជាក់ម្តងទៀតថា គ្មានប្រទេសណាមួយគួរ ផ្តល់ឱ្យលោកពូទីននូវកម្មវិធីមួយ ដើម្បីលើកកម្ពស់សង្រ្គាម នៃការឈ្លានពានរបស់គាត់ ហើយបើមិនដូច្នេះទេ នោះគឺនឹងអនុញ្ញាតឱ្យគាត់ធ្វើឱ្យមាន ភាពឃោរឃៅមានលក្ខណៈធម្មតា” ៕
ប្រែសម្រួលៈ ណៃ តុលា