ភ្នំពេញ ៖ ដោយបានការអនុញ្ញាត ពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក អញ្ជើញដឹកនាំប្រតិភូ ទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅសហព័ន្ធរុស្ស៊ី រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ។
បើតាមសេចក្ដីប្រកាសព័ត៌មាន របស់កងទ័ពជើងគោក បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះធ្វើឡើង តបតាមការអញ្ជើញ របស់ នាយឧត្តមសេនីយ៍ អាឡិក សាលលូកូខ (Oleg Salyukov) អគ្គមេបញ្ជាការកងទ័ពជើងគោក នៃកងទ័ពសហព័ន្ធរុស្ស៊ី ។
ក្នុងឱកាស នៃដំណើរទស្សនកិច្ចនេះ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ នឹងជួបពិភាក្សាទ្វេភាគី ជាមួយសមភាគី នាយឧត្តម សេនីយ៍ អាឡិក សាលលូកូវ (Oleg Salyukov) អគ្គមេបញ្ជាការកង ទ័ពជើងគោក នៃកងទ័ពសហព័ន្ធរុស្ស៊ី ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពនៃ ប្រទេសទាំងពីរ កម្ពុជា-រុស្ស៊ី។
នៅក្នុងអំឡុងដំណើរទស្សនកិច្ចនេះ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និង រុស្ស៊ី នឹងចុះហត្ថលេខាលើ អនុស្សរណៈយោគយល់ (MoU) ស្តីពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោកកម្ពុជា-រុស្ស៊ី ដើម្បីជំរុញសន្ទុះ ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងកងទ័ពជើងគោក នៃប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ ក្នុងស្មារតីមិត្តភាពជា ប្រពៃណី ជាមួយនឹងការគោរពជឿទុកចិត្តគ្នា និងជួយគ្នាទៅវិញទៅមក ៕