ភ្នំពេញ៖ សហភាពសិទ្ធិកម្មករកម្ពុជា និងសហជីពមូលដ្ឋាន តំណាងឲ្យកម្មករ ៩ម៉ឺននាក់ នៅព្រឹកថ្ងៃទី២១ ខែមិថុនានេះបានដាក់ញត្តិទៅក្រសួងមហាផ្ទៃ ដើម្បីស្នើសុំឲ្យមានការ ត្រួតពិនិត្យការអនុវត្តសកម្មភាព និងការប្រើប្រាស់កញ្ចប់ថវិការបស់មជ្ឈមណ្ឌល សម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់«សង់ត្រាល់» ដែលធ្វើសកម្មភាពផ្ទុយពីច្បាប់ស្ដីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល និងលក្ខន្តិកៈរបស់ខ្លួន ។
លោក គឹម ចាន់សំណាង ប្រធានសហភាពសិទ្ធិកម្មករកម្ពុជា បានឲ្យដឹងថា អង្គការសង់ត្រាល់ជាអង្គការ មួយទទួលជំនួយពីបរទេស និងបានចុះបញ្ជិការនៅក្រសួងមហាផ្ទៃ ប៉ុន្តែទៅធ្វើការងារជ្រៀតជ្រែកក្នុងការងារសហជីព ធ្វើរបាយការណ៍ក្នុងចេតនាញុះញង់ បំបែកបាក់សហជីពនៅកម្ពុជា ធ្វើឲ្យមានការយល់ច្រឡំ ថាសិទ្ធិសេរីភាពសហជីពនៅកម្ពុជា ត្រូវបានរឹតត្បិត។
លោកបន្ថែមថា អង្គការសង់ត្រាល់បានចេញផ្សាយរបាយការណ៍ ដែលធ្វើឲ្យមានការជះឥទ្ធិពលដល់អ្នកបញ្ជាទិញ អាចមានការយល់ច្រឡំ ពីស្ថានភាពជាក់ស្តែងនៃសហជីព និងកម្មករនិយោជិតនៅកម្ពុជាទាំងមូល ជាហេតុធ្វើឲ្យអ្នកបញ្ជាទិញ អាចបង្វែរការបញ្ជាទិញចេញពីកម្ពុជា ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ភាពមាន ការងារធ្វើរបស់កម្មករនិយោជិតទាំងអស់។
លោក គឹម ចាន់សំណាង បញ្ជាក់ថា របាយការណ៍របស់អង្គការសង់ត្រាល់ គ្រាន់តែសម្ភាសន៍សហជីពចំនួន១០ នៃរោងចក្រ១៤ បែរជាយកមកវាយតម្លៃជារួម ថានៅកម្ពុជាមានការរំលោភសិទ្ធិសេរីភាពសហជីព កម្មករនិយោជិតធ្ងន់ធ្ងរទៅវិញ។ នេះមិនឆ្លុះបញ្ចាំងពីស្ថានភាពជាក់ស្តែង ពីសិទ្ធិសេរីភាពសហជីព កម្មករនិយោជិត នៅកម្ពុជាទាំងមូលឡើយ។សកម្មភាព និងរបាយការណ៍របស់អង្គការមួយមួយនេះ មានចេតនាធ្វើឲ្យសង្គមកម្ពុជាល្អកកករ បំផ្លាញសន្តិភាព បំផ្លាញប្រជាធិបតេយ្យ ដែលមិនអាចទទួលយកបានជាដាច់ខាត។
លោកបញ្ជាក់ថា«របាយការណ៍សង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីការពិត និងមិនមានមូលដ្ឋានច្បាស់លាស់ ដែលធ្វើឲ្យប៉ះពាល់កិត្តិយសជាតិ ប៉ះពាល់ដល់ស្ថេរភាពការងារ និងផលប្រយោជន៍រួមរបស់ កម្មករនិយោជិតនៅកម្ពុជាទាំងមូល។ របាយការណ៍នោះ មានចរិតនយោបាយ និងញុះញុង លាបពណ៌ ឲ្យមានការរើសអើងសហជីព និងបំបែកបំបាក់សាមគ្គីភាពរវាងសហជីពនៅកម្ពុជា»។
លោកប្រធាន សហភាពសិទ្ធិកម្មករកម្ពុជា លើកឡើងថា តាមរយៈរបាយការណ៍របស់អង្គការសង់ត្រាល់
កម្មករនិយោជិត មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ពីផលប៉ះពាល់ដល់ស្ថេរភាពការងារ និងផលប្រយោជន៍រួមរបស់កម្មករនិយោជិត។ លោកសង្ឃឹមថា ក្រសួងមហាផ្ទៃ នឹងពិនិត្យមើលការអនុវត្តសកម្មភាពផ្ទុយនឹងច្បាប់ និងការប្រើប្រាស់កញ្ចប់ថវិកាជំនួយបរទេស មិនសមស្របរបស់អង្គការសង់ត្រាល់ ដែលបង្កបញ្ហាជាអវិជ្ជមានដល់សង្គមជាតិ ជាពិសេសក្នុងវិស័យឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនៅកម្ពុជា៕