ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហការី នៅថ្ងៃ ២៣ មិថុនា បានចូលរួមទស្សនាការ ប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំឆ្នាំ២០២៤ នៅទីលានបាល់ទាត់នៃវិទ្យាល័យចំណេះទូទៅ និងបច្ចេកទេស សម្តេចតេជោ ហ៊ុន សែន រ៉ូតាខ្សាច់កណ្ដាល ស្ថិតនៅក្នុងឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ដើម្បីលើកទឹកចិត្ត និងគាំទ្រដល់យុវជន ជាកីឡាករ។
ការប្រកួតកីឡាបាល់ទាត់នេះមាន២ប្រកួត គឺក្រុមកីឡាយុវជនឃុំសន្លុង ប្រកួតជាមួយក្រុមកីឡាយុវជនឃុំជ័យធំ ដែលលទ្ធផលបានទៅលើក្រុមកីឡា ឃុំសន្លុង៣ទល់នឹង ២ហើយក្រុមទី២ គឺក្រុមកីឡាយុវជនឃុំវិហារសួគ៌ ប្រកួតជាមួយក្រុមកីឡាយុវជន ឃុំព្រែកតាមាក់ ដែលលទ្ធលបានទៅលើឃុំវិហារសួគ៌១ទល់នឹង ០ ។
សូមរំលឹកថា ការរៀបចំឲ្យកម្មវិធីប្រកួតកីឡាយុវជន ជារៀងរាល់ឆ្នាំនេះ គឺជាការគិតគូរយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ របស់លោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ក្នុងគោលបំណងលើកកម្ពស់ វិស័យកីឡាឲ្យកាន់តែមានការីកចម្រើន , បង្កើតឲ្យមានកម្មវិធីសប្បាយរីករាយ , ផ្តល់ឱកាសឲ្យយុវជន ក្នុងមូលដ្ឋានបានជួបជុំស្គាល់គ្នា បង្កើតសាមគ្គីភាព មិត្តភាព រវាងយុវជនក្នុងឃុំជាមួយគ្នា និងយុវជនមកពីឃុំផ្សេងគ្នា និងជាពិសេសបំផុសស្មារតីយុវជនឲ្យចូលចិត្តលេងកីឡា ពីព្រោះ ការលេងកីឡានាំមកនូវសុខភាពល្អ ជួយដល់យុវជនចៀសឆ្ងាយពីគ្រឿងញៀន ល្បែងស៊ីសង និងអំពើអបាយមុខ គ្រប់ប្រភេទ , និងផ្តល់ឱកាសដល់យុវជនធ្វើការអភិវឌ្ឍខ្លួន និងពង្រឹងសមត្ថភាពទាំងកាយសម្បទា រួមទាំងចំណេះដឹងជំនាញ ដើម្បីក្លាយជាទំពាំងដ៏មានសក្តានុពល សម្រាប់បន្តវេន ចូលរួមចំណែកក្នុងការអភិវឌ្ឍជាតិឲ្យកាន់តែរីកចម្រើន។
ក្នុងឱកាសនោះ លោកបណ្ឌិត កៅ ថាច ក៏បានឧបត្ថម្ភភេសជ្ជៈ និងថវិកាមួយចំនួនដល់ក្រុមកីឡាករផងដែរ ។
បន្ទាប់មកលោកបណ្ឌិត កៅ ថាច និងសហការី បានបន្តចុះពិនិត្យគម្រោង កសិកម្មឆ្លាតវៃ ដាំបន្លែសុវត្ថិភាព នៅឃុំជ័យធំ និងចុះពិនិត្យស្រែ របស់កសិករនៅឃុំរការជន្លឹង ដែលកំពុងបូមទឹកអណ្តូងបញ្ចូលស្រែ ។
លោកបណ្ឌិត ក៏បានណែនាំដល់កសិករ ឲ្យសិក្សាលើការប្រើប្រព័ន្ធសូឡាសម្រាប់បូមទឹក ជំនួសការប្រើម៉ាស៊ីនវិញ ពីព្រោះការប្រើសូឡា ចំណាយថវិកាតិចជាង ៕