ភ្នំពេញ៖ លោក វ៉ាង វិនបិន (Wang Wenbin) ដែលគេស្គាល់ថា ជាអ្នកនយោបាយការទូតដ៏ឆ្នើមម្នាក់របស់ចិន នៅរាត្រីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយ ដើម្បីបំពេញតួនាទី របស់លោកជាឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនថ្មី ប្រចាំព្រះរាជាណាចក្រកម្ពុជា ។
ការអញ្ជើញមកដល់នេះ ក៏ចំពេលដែលលោកស្រី ខាមីខាវ៉ា យ៉ូកុ រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការ រយៈពេល ២ថ្ងៃ (៥-៦ កក្កដា) នៅកម្ពុជាផងដែរ។
លោក វ៉ាង វិនបិន (Wang Wenbin) មានវ័យ៥៣ឆ្នាំ មានដើមកំណើតនៅស្រុកតុងឆឹង ខេត្តអានហួយ នៃប្រទេសចិន។ លោក វ៉ាង វិនបិន ជាមន្ត្រីការទូតនៃសាធារណរដ្ឋប្រជាមានិតចិន ធ្លាប់បានឆ្លងកាត់ ធ្វើជាអនុប្រធាននិងជាអ្នកនាំពាក្យនៃនាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេស ចិន ។
គួររម្លឹកផងដែរថា នៅឆ្នាំ១៩៩៤ លោក វ៉ាង វិនបិន បានបម្រើការជាបុគ្គលិកនៃស្ថានទូតចិនប្រចាំប្រទេសសេណេហ្គាល់។ នៅឆ្នាំ១៩៩៦ លោកត្រូវបានផ្ទេរទៅជាបុគ្គលិក នៅអគ្គកុងស៊ុលនៃស្ថានកុងស៊ុលចិន នៅទីក្រុង Douala។ នៅឆ្នាំ ១៩៩៧ លោកបានបម្រើការជាអនុព័ន្ធ និងលេខាធិការទីបី នៃនាយកដ្ឋានអឺរ៉ុបខាងលិច នៃក្រសួងការបរទេស។ នៅឆ្នាំ១៩៩៩ លោកបានបម្រើការជាលេខាទីបី នាយករង និងជានាយកការិយាល័យស្រាវជ្រាវគោលនយោបាយ នៃក្រសួងការបរទេស។ នៅឆ្នាំ២០០២ លោកបានបម្រើការជាលេខាទី១ និងជាទីប្រឹក្សា នៃការិយាល័យទូទៅ នៃក្រសួងការបរទេស។ នៅឆ្នាំ២០០៤ លោកត្រូវបានផ្ទេរទៅការិយាល័យទូទៅ នៃក្រុមប្រឹក្សារដ្ឋជាលេខាធិការរបស់លោក ថាង ជែសៀន។
ក្នុងឆ្នាំ២០០៦ លោកបានបម្រើការជាទីប្រឹក្សានយោបាយ និងជាភារធារី នៃស្ថានទូតចិនប្រចាំប្រទេសម៉ូរីស ហើយត្រូវបានដំឡើងឋានៈជាអនុប្រធាននាយកដ្ឋាន។ នៅឆ្នាំ២០១០ លោកបានត្រឡប់មកធ្វើជាទីប្រឹក្សា នៃនាយកដ្ឋានផែនការគោលនយោបាយ នៃក្រសួងការបរទេសវិញ។ ក្នុងឆ្នាំ២០១៣ លោកបានបម្រើការជាអនុប្រធាននាយកដ្ឋានផែនការគោលនយោបាយ នៃក្រសួងការបរទេស។ នៅខែកក្កដា ឆ្នាំ២០១៧ លោកបានបម្រើការជាប្រធានស្តីទី នៃនាយកដ្ឋានផែនការគោលនយោបាយ នៃក្រសួងការបរទេស។ ចាប់ពីខែឧសភា ឆ្នាំ២០១៨ ដល់ឆ្នាំ២០២០ លោកបានបម្រើការជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅសាធារណរដ្ឋទុយនីស៊ី ហើយត្រូវបានតម្លើងឋានៈដល់ថ្នាក់នាយកដ្ឋាន។ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២០ លោកបានចូលកាន់តំណែងជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសនៃសាធារណៈរដ្ឋប្រជាមានិតចិន និងជាអនុប្រធានទីមួយ នៃនាយកដ្ឋានព័ត៌មានដែលមានឋានៈជាអគ្គនាយក។
លោកបានបំរើការជាអ្នកនាំពាក្យទី៣២ នៃក្រសួងការបរទេសចិន ពីខែកក្កដា២០២០រ ហូតដល់ខែឧសភា២០២៤។ អ្នកការទូតអាយុ៥៣ឆ្នាំរូបនេះ បានបំពេញមុខងារការទូតអស់រយ:ពេល៣០ឆ្នាំមកហើយ ក្នុងវិស័យរៀបចំផែនការ និងកិច្ចការនយោបាយ នៃបណ្តាប្រទេសនៅទ្វីបអាហ្វ្រិក។ មុននេះលោកក៏ធ្លាប់ធ្វើជាឯកអគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសទុយនីស៊ីផងដែរ។