ព័ត៌មានជាតិ

ជីសរីរាង្គព្រៃស្នួល ត្រូវបានដាក់តាំងបង្ហាញលើកដំបូង នៅក្នុងព្រះរាជពិធី រុក្ខទិវា លើកទី២៩ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ព្រះមហាក្សត្រ

តាកែវ៖ ជីសរីរាង្គព្រៃស្នួល (ជីទឹក) ដែលជាសមិទ្ធផល ផលិតដោយស្នាដៃកូនខ្មែរ ត្រូវបានដាក់តាំងបង្ហាញជាលើកដំបូង នៅក្នុងព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ដែលប្រព្រឹត្តិធ្វើឡើង នៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្រោមព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ក្រៅពីព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះមហាក្សត្រ ក៏មានថ្នាក់ដឹកនាំកំពូលៗ អញ្ជើញចូលរួមផងដែរ ដូចជាសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ សម្ដេចពញ៉ាចក្រី ហេង សំរិន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេច សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេច ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្ដេច ឃួន សុដារី ប្រធានរដ្ឋសភា និងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ព្រមទាំងឥស្សរៈជនកំពូលៗ ជាច្រើនទៀតផងដែរ។

សូមរំលឹកថា ជីសរីរាង្គព្រៃស្នួល គឺជាប្រភេទជីទឹក ផលិតដោយស្នាដៃកូនខ្មែរ អាចប្រើប្រាស់ទៅលើដំណាំបន្លែ ផ្លែឈើគ្រប់មុខ ជាពិសេសលើដំណាំស្រូវ សណ្ដែក ដំឡូង ស្វាយ ។ល។

សិប្បកម្មជីសរីរាង្គព្រៃស្នួល មានទីតាំងផលិត ស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលមានលោក សយ សុភាព គឺជាស្ថាបនិកម្នាក់ ផងដែរ៕

To Top