ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានចេញមកបញ្ជាក់ច្បាស់ថា រាជរដ្ឋាភិបាល មិនដែលបានផ្តល់អាជ្ញាបណ្ណ ឱ្យរថយន្តតាក់ស៊ីអគ្គិសនី ពីប្រទេសវៀតណាម ឬបរទេស មកធ្វើអាជីវកម្មនៅកម្ពុជាទេ ខណៈសម្តេចឱ្យក្រុមមនុស្សមួយចំនួនតូច ដែលកំពុងបំភ្លៃការពិត ហើយមានចេតនា យកព័ត៌មានមិនពិតនេះ ដើម្បីប្រមូលផ្តុំមនុស្សធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល សូមស្តាប់ឱ្យបានច្បាស់ “កុំចេះ ប៉ុន្តែធ្វើល្ងង់” ។
ការចេញមក បញ្ជាក់របស់សម្តេចនាយករដ្ឋមន្ត្រីខាងលើនេះ ធ្វើឡើង ដើម្បីឆ្លើយតប ទៅនឹង ការផ្សាយរបស់ VOD Khmer ដែលបានផ្សាយថា “កម្ពុជា សម្រេចឱ្យធ្វើអាជីវកម្មយានយន្តអគ្គិសនី ក្រោយវៀតណាមស្នើសុំ” ។
តាមអ្វីដែលសម្តេចមានប្រសាសន៍ បន្ទាប់ពីមានការផ្សាយរបស់ VOD Khmer ហើយនោះ ស្រាប់តែមានចលនាថ្មីមួយ ពីសំណាក់ក្រុមមនុស្សដែលចូលចិត្តកេងចំណេញនយោបាយ និងមានអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលមានបំណងប្រមូលផ្តុំមនុស្ស ធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល ។
យោងតាមសារសំឡេងពិសេសនារសៀលថ្ងៃទី ១៣ ខែកក្ដដា ឆ្នាំ២០២៤ សម្តេចធិបតី បានមានប្រសាសន៍ថា “ជូនបងប្អូនជនរួមជាតិទាំងអស់ ជាពិសេសបងប្អូនអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យបានជ្រាប ខ្ញុំទើបតែទទួលបានព័ត៌មាន ពីប្រភពច្បាស់ការមួយថា មានមនុស្សមួយក្រុមតូច បានកំពុងធ្វើការគៀគរ បងប្អូនអ្នករត់ម៉ូតូឌុប រម៉កកង់បីដើម្បីធ្វើបាតុកម្ម ប្រឆាំងជាមួយរដ្ឋាភិបាល ដែលចោទថា រដ្ឋាភិបាល បានអនុញ្ញាតិ ឱ្យក្រុមហ៊ុនរថយន្ត រត់តាក់ស៊ីអគ្គិសនីវៀតណាម ចិន មកបើកធ្វើអាជីវកម្មតាក់ស៊ី នៅកម្ពុជា ខ្ញុំបានបញ្ជាក់បញ្ហានេះច្បាស់រួចហើយ នៅក្នុងពេលកន្លងទៅ រួមទាំងមានសន្ទរកថារបស់ខ្ញុំផ្សាយផ្ទាល់ នៅក្នុងពេលខ្ញុំជួបប្រជាពលរដ្ឋខ្មែរ នៅប្រទេសជប៉ុន កាលពីថ្ងៃទី១៦ ខែធ្នូ ២០២៣កន្លងទៅនេះ ដែលខ្ញុំបានបញ្ជាក់ច្បាស់ៗថា រាជរដ្ឋាភិបាល មិនដែលបានផ្តល់អាជ្ញាបណ្ណឱ្យរថយនម្តតាក់ស៊ីអគ្គិសនី ពីប្រទេសវៀតណាម ឬបរទេស មកធ្វើអាជីវកម្មមកកម្ពុជាទេ ហើយកម្ពុជា មិនទាន់មានតម្រូវការ ឱ្យក្រុមហ៊ុនបរទេស មកធ្វើការវិនិយោគ ដើម្បីធ្វើក្រុមហ៊ុនតាក់ស៊ីអគ្គិសនីនៅកម្ពុជាទេ” ។
ក្នុងសារសំឡេងនេះ សម្តេចធិបតី បានបញ្ជាក់ថា “រាជរដ្ឋាភិបាល អាណត្តិទី៧ ពេលនេះ ត្រូវតែយកចិត្តទុកដាក់ ក្នុងការជួយដល់បងប្អូនកំពុងប្រករបររត់ម៉ូតូឌុប រត់រម៉កកង់បី នៅក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធនេះឱ្យបានល្អប្រសើរ”។
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា “ខ្ញុំសូមជូនព័ត៌មាននេះ ឱ្យបងប្អូនប្រជាពលរដ្ឋបានជ្រាប ជាពិសេសបងប្អូនដែលកំពុងប្រកបរបររត់ម៉ូតូឌុប រម៉កកង់បីឱ្យបានជ្រាប និងកុំជឿតាមការញុះញង់ របស់ក្រុមមនុស្សមួយក្រុមតូច ខ្ញុំសូមបញ្ជូនសារនេះ ទៅក្រុមមនុស្សមួយចំនួនតូចនោះ ដែលកំពុងបំភ្លៃការពិត ហើយមានចេតនា យកព័ត៌មានមិនពិតនេះ ដើម្បីប្រមូលផ្តុំមនុស្សធ្វើបាតុកម្មប្រឆាំងរដ្ឋាភិបាល សូមអស់លោកស្តាប់ឱ្យបានច្បាស់ កុំចេះ ប៉ុន្តែធ្វើល្ងង់ ដើម្បីកេងចំណេញ ផលប្រយោជន៍នយោបាយរបស់អស់លោក ហើយបើអស់លោកនៅតែបន្តសកម្មភាព យកព័ត៌មានដែលបំភ្លៃការពិតនេះ ធ្វើជាកម្មវត្ថុសម្រាប់ប្រើប្រាស់ក្នុងចេតនាអាក្រក់ តាមរយៈប្រមូលផ្តុំមនុស្សធ្វើបាតុកម្ម អស់លោ និងត្រូវទទួលខុសត្រូវ ចំពោះមុខច្បាប់ រាជរដ្ឋាភិបាល មិនអាចឱ្យអស់លោកធ្វើអ្វីស្រេចតែចិត្ត ជាពិសេសសកម្មភាព គ្មានសុច្ចរិតភាព ដែលនាំឱ្យបំផ្លាញសណ្តាប់ធ្នាប់សង្គម ដើម្បីកេងចំណេញផលប្រយោជន៍នយោបាយរបស់អស់លោកនោះទេ”៕