ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ឈុំ សុជាត អ្នកនាំពាក្យក្រសួងការពារជាតិ នៅរសៀលថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមុខច្រានចោលនូវព័ត៌មានមិនពិត ដែលបានលើកឡើងថារកឃើញបំណែក ឧទ្ធម្ភាគចក្រ ធ្លាក់នៅខេត្តពោធិ៍សាត់។
តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាយឧត្តមសេនីយ៍ ឈុំ សុជាត បានបញ្ជាក់ថា «រហូតមកដល់ល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤នេះ មិនទាន់រកឃើញឧទ្ធម្ភាគចក្រ ដែលបានបាត់ដំណឹងនៅតំបន់ជួរភ្នំក្រវ៉ាញនៅឡើយទេ ខណៈអង្គភាពពាក់ព័ន្ធ កំពុងរុករកយ៉ាងយកចិត្តទុកដាក់បំផុត»។
អ្នកនាំពាក្យបញ្ជាក់បន្ថែមថា ការផ្សព្វផ្សាយនៅលើបណ្តាញសង្គមមួយចំនួន ដែលបង្កើតឡើងដោយក្រុម MMO និងព័ត៌មានក្រៅផ្លូវការថា «ដំណឹងបន្ទាន់..📣 រកឃើញបំណែក ឧទ្ធម្ភាគចក្រ ហើយ នៅថ្ងៃទី14 នេះចំណែក មនុស្សពីរនាក់ទៀត នៅរកមិនទាន់ឃើញទេ» នោះ គឺជាដំណឹងក្លែងក្លាយប៉ុណ្ណោះ ហើយសូមសាធារណជនទាំងអស់ជ្រាបជាព័ត៌មាន និងកុំមានការភាន់ច្រលំ៕