ព័ត៌មានអន្តរជាតិ

ផ្ទុះការតវ៉ា នៅទូទាំងប្រទេសឥណ្ឌា ទាមទារឱ្យស៊ើបអង្កេត ករណីរំលោភ សម្លាប់គ្រូពេទ្យម្នាក់ អាយុ៣១ឆ្នាំ

AFP

បរទេស៖ អាជ្ញាធរ និងប្រព័ន្ធផ្សព្វផ្សាយឥណ្ឌា បាននិយាយថា សេវាមន្ទីរពេទ្យត្រូវបានរំខាន នៅក្នុងទីក្រុងជាច្រើន របស់ឥណ្ឌានៅថ្ងៃអង្គារ (១៣ សីហា) បន្ទាប់ពីការរីករាលដាលទូទាំងប្រទេស នៃការតវ៉ារបស់វេជ្ជបណ្ឌិត ប្រឆាំងនឹងការចោទប្រកាន់ពីបទរំលោភ និងសម្លាប់វេជ្ជបណ្ឌិតម្នាក់អាយុ ៣១ ឆ្នាំនៅទីក្រុងកុលកាតាភាគខាងកើត។

យោងតាមសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា រូបភាពពីទូរទស្សន៍ បានបង្ហាញ ពីវេជ្ជបណ្ឌិតរាប់ពាន់នាក់បានដើរ ដង្ហែកាលពីថ្ងៃចន្ទដើម្បីតវ៉ា ចំពោះឧបទ្ទវហេតុនៅមន្ទីរពេទ្យ ដែលគ្រប់គ្រងដោយរដ្ឋាភិបាល ដោយអំពាវនាវរកយុត្តិធម៌សម្រាប់ជនរងគ្រោះ និងវិធានការសន្តិសុខកាន់តែប្រសើរឡើង ដែលធ្វើឲ្យសេវាសុខភាពដែលជាប់គាំងនៅក្នុងរដ្ឋ West Bengal ។

ប្រព័ន្ធផ្សព្វផ្សាយបានឱ្យដឹងថា ការតវ៉ាបានផ្ទុះឡើង នៅទូទាំងប្រទេសឥណ្ឌានៅថ្ងៃអង្គារ ដោយមានការចូលរួម ដោយវេជ្ជបណ្ឌិតរដ្ឋាភិបាលជាង ៨.០០០នាក់ នៅរដ្ឋ Maharashtra ភាគខាងលិច ដែលជាបណ្តុំរបស់រដ្ឋធានីហិរញ្ញវត្ថុ នៃទីក្រុងបុមបៃ ដោយបានបញ្ឈប់ការងារនៅក្នុងមន្ទីរសុខាភិបាលទាំងអស់ លើកលែងតែសេវាសង្គ្រោះបន្ទាន់។

រូបភាពនៅលើកញ្ចក់ទូរទស្សន៍ Reuters បានបង្ហាញថា នៅរដ្ឋធានីញូវដែលី វេជ្ជបណ្ឌិតវ័យក្មេងពាក់អាវពណ៌ស កាន់ផ្ទាំងរូបភាពដែលសរសេរថា “គ្រូពេទ្យមិនមែនជាបាវ ខ្សាច់នោះទេ” ខណៈដែលពួកគេអង្គុយតវ៉ា នៅខាងក្រៅមន្ទីរពេទ្យរដ្ឋាភិបាល ដ៏ធំមួយ ដើម្បីទាមទារឱ្យមានការស៊ើបអង្កេត។

ប្រព័ន្ធផ្សព្វផ្សាយបានផ្សាយថា អ្នកជំងឺរាប់ពាន់នាក់ត្រូវបានទុក ឱ្យជាប់គាំងដោយការតវ៉ាស្រដៀងគ្នា នៅក្នុងទីក្រុងជាច្រើនដូចជា Lucknow រដ្ឋធានីនៃរដ្ឋ Uttar Pradesh ដែលមានប្រជាជនច្រើនបំផុត និងនៅក្នុងរដ្ឋរមណីយដ្ឋានទេសចរណ៍ភាគខាងលិចនៃរដ្ឋ Goa ដែលបានធ្វើឱ្យខូចសេវាមន្ទីរពេទ្យមួយចំនួន៕
ប្រែសម្រួលៈ ណៃ តុលា

To Top