បច្ចេកវិទ្យា

ធនាគារ ARDB កំពុងស្វែងរកឱកាសធ្វើសហប្រតិបត្តិការជាមួយក្រសួង ស្ថាប័នជាតិ និងអន្តរជាតិ ដើម្បីកៀរគរប្រភពទុនបន្ថែម

ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានលើកឡើងថា ធនាគារARDB កំពុងស្វែងរកឱកាសធ្វើកិច្ចសហប្រតិបត្តិការជាមួយក្រសួងនានា ស្ថាប័នជាតិ និងអន្តរជាតិពាក់ព័ន្ធ ដើម្បីកៀរគរប្រភពទុនបន្ថែមពង្រីកការផ្ដល់ឥណទានជូនអតិថិជនឱ្យកាន់តែមានប្រសិទ្ធភាព។

នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ នេះ លោកបណ្ឌិត កៅ ថាច បានចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម។ កិច្ចជំនួបនេះមានគោលបំណង ដើម្បីស្វែងរកកិច្ចសហប្រតិបត្តិការ ក្នុងការរៀបចំប្រព័ន្ធធារាសាស្ត្រ សំដៅជំរុញបង្កើនការផលិត សម្រាប់វិស័យកសិកម្មកម្ពុជា និងឱកាសសហប្រតិបត្តិការលើគម្រោងពាក់ព័ន្ធនឹង ការជំរុញខ្សែច្រវាក់ផលិតកម្ម សេដ្ឋកិច្ចជនបទ សេដ្ឋកិច្ចបៃតង និងសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

ក្នុងកិច្ចជំនួប លោករដ្ឋមន្ត្រី ថោ ជេដ្ឋា បានជម្រាបជូនគណៈប្រតិភូធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម អំពីការងារអាទិភាពរបស់ក្រសួង ក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា គឺនៅតែបន្តការកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ដើម្បីធានាបាននូវសន្តិសុខទឹកឆ្លើយតបទៅនឹង ការប្រែប្រួលអាកាសធាតុ និងជាចលករជំរុញកំណើនសេដ្ឋកិច្ចសង្គម ព្រមទាំងលើកកម្ពស់កម្រិតជីវភាពរស់នៅ របស់បងប្អូនប្រជាពលរដ្ឋ។

ជាមួយគ្នានោះលោកបណ្ឌិត កៅ ថាច ក៏បានជម្រាបជូនលោករដ្ឋមន្ត្រីថា ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានបង្កើតឡើងតាំងពីឆ្នាំ១៩៩៨ គឺជាធនាគារដែលបម្រើ គោលនយោបាយរបស់រាជរដ្ឋាភិបាល ដោយធ្វើប្រតិបត្តិការចម្បងផ្ដោតលើ ការផ្ដល់ឥណទានដល់អតិថិជន និងឥណទានបោះដុំដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីផ្ដល់ឥណទានបន្តជូនប្រជាកសិករ។

ជំនួបសម្តែងការគួរសម និងពិភាក្សាការងារនេះដែរ បានបញ្ចប់ដោយភាពរីករាយ និងសិ្នទ្ធស្នាល ខណៈភាគីទាំងពីរបានសន្យាពង្រឹងនូវ កិច្ចសហប្រតិបត្តិការនានានៅពេលខាងមុខ៕

To Top