ព័ត៌មានអន្តរជាតិ

ទំបន់វារីអគ្គិសនីគៀវ របស់អ៊ុយក្រែន នៅដំណើរការធម្មតា បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី

AFP

គៀវ៖ ក្រុមហ៊ុនវារីអគ្គិសនី Ukrhydroenergo របស់រដ្ឋអ៊ុយក្រែន បានឲ្យដឹងថា ទំនប់វារីអគ្គិសនីគៀវ (HPP) ដែលស្ថិតនៅក្រោមការវាយប្រហាររបស់រុស្ស៊ី កាលពីថ្ងៃចន្ទ គឺមិនប្រឈមមុខនឹង ហានិភ័យនៃការដួលរលំនោះទេ។

ក្រុមហ៊ុន Ukrhydroenergo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “មិនមានការគំរាមកំហែងនៃការបាក់ទំនប់គៀវ HPP និងការជន់លិច នៃទឹកដីនៅក្រោមទំបន់នោះទេ” ។

ប្រភពបានឲ្យដឹងថា បច្ចុប្បន្ននេះ វាមិនអាចទៅរួចនោះទេ ក្នុងការវាយតម្លៃពីផលវិបាកពេញលេញនៃការវាយប្រហារ ដោយសារតែកិច្ចខិតខំប្រឹងប្រែង ដើម្បីយកកំទេចកំទីចេញពីទំបន់ នៅតែដំណើរការនៅឡើយ។

យោងតាមសេចក្តីថ្លែងការណ៍បានឱ្យដឹងថា ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះនេះ ប្រទេសរុស្ស៊ីបានវាយប្រហារទៅលើកន្លែងផលិតថាមពល ដែលដំណើរការដោយក្រុមហ៊ុន Ukrhydroenergo ចំនួន ១៣០ ដង ដោយបានធ្វើឱ្យខូចខាតប្រហែល ៤០ ភាគរយនៃសមត្ថភាពផលិត។

ទំបន់វារីអគ្គិសនីគៀវ HPP ដែលមានចម្ងាយប្រហែល ២០ គីឡូម៉ែត្រភាគខាងជើងនៃរដ្ឋធានីអ៊ុយក្រែន មានសមត្ថភាពដំឡើង ៤៤០មេហ្គាវ៉ាត់ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ។

កាលពីថ្ងៃទី២៦ ខែសីហា ប្រទេសរុស្ស៊ី បានវាយប្រហារដោយកាំជ្រួចចំនួន ១២៧ គ្រាប់ និងយន្តហោះដ្រូនប្រយុទ្ធចំនួន ១០៩គ្រឿងនៅអ៊ុយក្រែន ក្នុងការវាយប្រហារដ៏ធំបំផុតចាប់តាំងពីការចាប់ផ្តើមនៃជម្លោះ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top