ព័ត៌មានអន្តរជាតិ

Update ៖ កងទ័ពរបស់អ៊ីស្រាអ៊ែល សម្លាប់មេបញ្ជាការ ក្រុមចលនាជីហាដឥស្លាម គំាទ្រដោយអ៊ីរ៉ង់ នៅតំបន់ West Bank

RT News

West Bank៖ កងទ័ពរបស់អ៊ីស្រាអ៊ែល បានសម្លាប់មេបញ្ជាការមូលដ្ឋាន នៃចលនាជីហាដឥស្លាម ដែលបានគាំទ្រដោយអ៊ីរ៉ង់នៅតំបន់ West Bank និងក្រុមសកម្មប្រយុទ្ធចំនួន ៤នាក់ផ្សេងទៀត កាលពីថ្ងៃព្រហស្បតិ៍ នៅក្នុងការប្រយុទ្ធគ្នាដោយកាំភ្លើង នៅក្នុងអំឡុងពេលការវាយប្រហារ ដ៏ធំបំផុតមួយនៅក្នុងទឹកដី ដែលកាន់កាប់ដោយអ៊ីស្រាអ៊ែល ។

យោធាបានឲ្យដឹងថា ខ្លួនបានសម្លាប់លោក Muhhamad Jabber ដែលគេស្គាល់ថា Abu Shujaa ដែលជាប្រធានបណ្តាញ អ្នកប្រយុទ្ធនៅក្នុងជំរុំជន ភៀសខ្លួន Nur Shams ដែលនៅជាប់គ្នា ក្នុងអំឡុងពេល “បាញ់ប្រហារគ្នា” នៅជុំវិញវិហារឥស្លាមមួយកន្លែង នៅក្នុងទីក្រុង Tulkarm ដែលក្នុងនោះ អ្នកប្រយុទ្ធជនជាតិប៉ាឡេស្ទីន ចំនួន៤នាក់ផ្សេងទៀត ក៏ត្រូវបានបាញ់សម្លាប់ផងដែរ ។

ក្រុមប្រដាប់អាវុធ របស់ក្រុមជីហាដឥស្លាម Tulkarm បានបញ្ជាក់ពីការស្លាប់របស់មេបញ្ជាការរូបនេះ ដែលនាំឱ្យចំនួនសរុប នៃជនជាតិប៉ាឡេស្ទីន ដែលត្រូវបានសម្លាប់ក្នុង រយៈពេល២ថ្ងៃកន្លងមកនេះ កើនឡើងដល់១៧នាក់ ហើយបានលើកឡើងថា អ្នកប្រយុទ្ធបានវាយប្រហារ កងកម្លាំងអ៊ីស្រាអ៊ែល នៅក្បែរព្រះវិហារ Abu Ubaida ។

គួរបញ្ជាក់ថា ប្រតិបត្តិការនេះ បានចាប់ផ្តើមកាលពីព្រឹកព្រលឹមថ្ងៃពុធ ដែលមានទាហានអ៊ីស្រាអ៊ែល រាប់រយនាក់ ដែលមានការជួយជ្រោមជ្រែង ក្នុងការប្រយុទ្ធដោយឧទ្ធម្ភាគចក្រ យន្តហោះគ្មានមនុស្សបើក និងរថពាសដែក ដែលបានធ្វើការ វាយឆ្មក់ចូលក្នុងទីក្រុង Tulkarm, Jenin និងតំបន់នានាក្នុងជ្រលងភ្នំ Jordan ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top