ព័ត៌មានអន្តរជាតិ

យន្តហោះចម្បាំង F-16 មួយគ្រឿង ដែលអ៊ុយក្រែនទទួល ពីដៃគូលោកខាងលិច គឺបានធ្លាក់ ស្លាប់ទាំងពិឡុត

AFP

បរទេស ៖ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា យន្តហោះចម្បាំង F-16 មួយគ្រឿងក្នុងចំណោម យន្តហោះចម្បាំង F-16 ដែលអ៊ុយក្រែន បានទទួលពីដៃ គូលោកខាងលិច គឺបានធ្លាក់។

យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា យោងតាមសេចក្តីថ្លែងការណ៍ យោធាអ៊ុយក្រែន នៅលើ Facebook បានឱ្យដឹងថា យន្តហោះចម្បាំង F-16នេះ បានធ្លាក់កាលពីថ្ងៃចន្ទ នៅពេលដែលរុស្ស៊ីបាន បើកការវាយប្រហារដោយមីស៊ីល និងយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងអ៊ុយក្រែន។ យន្តហោះ​នេះ​បាន​ធ្លាក់​ពេល​វាយ​ប្រហារ ​តាម​អាកាស​របស់​រុស្ស៊ី ហើយអ្នកបើកយន្តហោះបានស្លាប់ក្នុងហេតុការណ៍នេះដែរ។

នេះ​ជា​ការ​បាត់​បង់​យន្តហោះ F-16 លើក​ដំបូង​នៅ​អ៊ុយក្រែន ។ យន្តហោះចម្បាំង F-16 គឺបានមកដល់ប្រទេសអ៊ុយក្រែន កាលពីចុងខែកក្កដា។ ក្រសួងការពារជាតិអ៊ុយក្រែន កំពុងស៊ើបអង្កេតការធ្លាក់យន្តហោះនេះ។

នៅព្រឹកថ្ងៃព្រហស្បតិ៍ យោធាអ៊ុយក្រែន បាននិយាយថា រុស្ស៊ីបានវាយ ប្រហារនៅពេលយប់ ជាមួយនឹងយន្តហោះ គ្មានមនុស្សបើកចំនួន ៧៤ គ្រឿង និងកាំជ្រួច នាំផ្លូវចំនួន ៣ គ្រឿង ដោយប្រព័ន្ធការពារដែន អាកាសរបស់អ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកចំនួន ៦០ គ្រឿង។

យោធាបាននិយាយថា ការស្ទាក់ចាប់បានធ្វើឡើងនៅលើតំបន់ Cherkasy, Dnipropetrovsk, Donetsk, Kharkiv, Kherson, Kirovohrad, Kyiv, Poltava និងតំបន់ Sumy ។

មន្ត្រីនៅក្នុងទីក្រុង គៀវ បាននិយាយថា រដ្ឋធានីអ៊ុយក្រែនប្រឈមមុខ នឹងការវាយប្រហារលើកទីបី នៃការវាយប្រហារ ដោយយន្តហោះគ្មានមនុស្សបើកក្នុងរយៈពេល ៤ ថ្ងៃ។ លោក Serhiy Popko ប្រធានរដ្ឋបាលយោធា របស់ទីក្រុងបាន និយាយនៅលើ Telegram ថា ការជូនដំណឹងតាមអាកាសបានកើតឡើង ជិតប្រាំមួយម៉ោង ហើយថាគ្មានយន្តហោះគ្មាន មនុស្សបើកណាមួយ វាយប្រហារគោលដៅ របស់ពួកគេឡើយ ៕

To Top