ព័ត៌មានអន្តរជាតិ

ប្រធានទីភ្នាក់ងារ ថាមពលបរិមាណូអន្តរជាតិ នឹងចុះពិនិត្យមើល រោងចក្រថា មនុយក្លេអ៊ែរ Zaporizhzhia

AFP

VIENNA៖ ប្រធានទីភ្នាក់ងារថាមពល បរមាណូអន្តរជាតិ ហៅកាត់ (IAEA) បានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា លោកនឹងទៅទស្សនកិច្ច នៅរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia ហៅកាត់ថា (ZNPP) នៅសប្តាហ៍ក្រោយ ដោយសារតែស្ថានភាពសុវត្ថិភាពនុយក្លេអ៊ែរនៅទីនោះ “នៅតែមិនប្រាកដប្រជានៅឡើយ” ។
លោក Rafael Grossi អគ្គនាយក IAEA បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ មួយយ៉ាងដូច្នេះថា លោកនឹងពិភាក្សា ក្នុងកម្រិតខ្ពស់ និងវាយតម្លៃការអភិវឌ្ឍន៍នៅរោងចក្រ ZNPP ក្នុងអំឡុងពេលទស្សនកិច្ចរបស់គាត់ ។

សម្រាប់ដំណើរទស្សនកិច្ច របស់លោក Grossi គឺបានកើតឡើងក្រោយពីអ្វីដែលលោកបានហៅថា “ឧប្បត្តិហេតុពាក់ព័ន្ធ យ៉ាងខ្លាំង នាពេលថ្មីៗនេះ” នៅរោងចក្រ ZNPP រួមទាំងអគ្គីភ័យដែលបានឆាបឆេះនៅប៉មត្រជាក់ របស់រោងចក្រ និងការវាយប្រហារ ដោយយន្តហោះគ្មានមនុស្ស បើកនៅជិតរោងចក្រ កាលពីដើមខែនេះផងដែរ ។

លោក Grossi បានព្រមានថា “ឧបទ្ទវហេតុនុយក្លេអ៊ែរ ត្រូវតែត្រូវបានជៀស វាងនៅគ្រប់ការចំណាយ ហើយរោង ចក្រថាមពល នុយក្លេអ៊ែរមិនត្រូវរងការវាយប្រហារអ្វីឡើយ។ ផលវិបាកអាចជាគ្រោះមហន្តរាយ ហើយគ្មាននរណាម្នាក់ អាចទទួលបានអត្ថប្រយោជន៍ ពីរឿងនេះនោះទេ” ។  លោក Grossi បានព្រមានថា គាត់នៅតែប្តេជ្ញាចិត្ត ក្នុងការពារសុវត្ថិភាព នុយក្លេអ៊ែរឲ្យបាន ។

យោងតាមសេចក្តីថ្លែងការណ៍កាលពីថ្ងៃព្រហស្បតិ៍ អ្នកជំនាញមកពី IAEA ដែលប្រចាំការនៅរោងចក្រ ZNPP បានឲ្យដឹងថា “បានបន្តឮការផ្ទុះ និងការចង្អុលបង្ហាញផ្សេងទៀត នៃសកម្មភាពយោធា ពេលខ្លះនៅជិតរោងចក្រតែម្តង” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top