ព័ត៌មានជាតិ

សម្ដេចតេជោ សំណូមពររដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឲ្យកូនចៅពលរដ្ឋនៅកូរ៉េ បានរៀនភាសាខ្មែរ

ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចតជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានសំណូមពរឲ្យរដ្ឋាភិបាលកូរ៉េ ផ្តល់ឱកាសឲ្យកូនចៅពលរដ្ឋទាំងអស់នៅកូរ៉េបានរៀនទាំងភាសាខ្មែរ និងភាសាកូរ៉េផងដែរ ដើម្បីមានលទ្ធភាពក្នុងការធ្វើទំនាក់ទំនងទៅវិញទៅមក ក៏ដូចជារួមចំណែកក្នុងការជួយដល់ សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េផងដែរ។

ការសំណូមពរនេះ ធ្វើឡើងស្របទៅនឹងប្រទេសទាំងពីរជាប្រទេសដន្លងនឹងគ្នា ដោយប្រជាជនកម្ពុជា ជាពិសេស គឺស្ត្រីកម្ពុជា បានរៀបការជាមួយជនជាតិកូរ៉េ ច្រើនប្រមាណជា៨,០០០នាក់ ជីវិតកូនចៅរហូតដល់ទៅប្រមាណជា៧៥,០០០នាក់។

ក្នុងជំនួបទ្វេភាគី ជាមួយ លោក Woo Won-Shik ប្រធានរដ្ឋសភាកូរ៉េ នាថ្ងៃទី១០ កញ្ញា សម្ដេចតេជោ ហ៊ុន សែន បានសម្តែងការរីករាយផងដែរ ចំពោះទំនាក់ទំនងកម្ពុជា និងកូរ៉េ ដែលត្រូវបានលើកកម្ពស់ដល់ទំនាក់ទំនងដៃគូជាយុទ្ធសាស្ត្រ។

សម្ដេចបានរំឭកថា ការផ្តួចផ្តើមឲ្យមានទំនាក់ទំនងឡើងវិញរវាងកម្ពុជា និងកូរ៉េ ពិតជាមិនងាយស្រួលឡើយ ពោលសម្ដេចបានតស៊ូស្វិតស្វាញ និងខិតខំធ្វើឲ្យទំនាក់ទំនងចាប់តាំងពីឆ្នាំ១៩៩៦ មកធ្វើឲ្យទំនាក់ទំនងនេះ មានប្រក្រតីភាពឡើងវិញ ហើយរហូតមកដល់ពេលនេះ មានការរីកចម្រើនទាំងក្នុងវិស័យសេដ្ឋកិច្ច និងនយោបាយ។

សម្តេចតេជោ ហ៊ុន សែន បានសម្តែងមោទកភាពថា សម្ដេចផ្ទាល់បានរួមចំណែកដល់ការបង្កើតនូវទំនាក់ទំនងនេះ ហើយពេញចិត្តចំពោះការរីកលូតលាស់ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

ឆ្លៀតឱកាសនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណ សាធារណរដ្ឋកូរ៉េ ដែលបានរួមចំណែក និងជួយដល់ការអភិវឌ្ឍរបស់កម្ពុជា មានការរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ សម្តេចតេជោ ក៏មិនភ្លេចឱកាសក្នុងការសម្ដែងការដឹងគុណ ចំពោះសាធារណរដ្ឋកូរ៉េ ដែលពុំបានបិទច្រកចេញចូលចំពោះកម្ពុជា នៅពេលដែលមានជំងឺរាតត្បាតកូវីដ១៩ ដោយរក្សាការហោះហើរធម្មតា ហើយដែលជាច្រកចេញសម្រាប់ប្រជាជនកម្ពុជា និងជនបរទេសចេញចូលទៅក្នុងប្រទេសកម្ពុជា។

សម្ដេចបានចាត់ទុកថា ការមិនបិទច្រកហោះហើរ សម្រាប់កម្ពុជាចេញទៅខាងក្រៅនេះ គឺជាប្រការមួយល្អប្រសើរធ្វើឲ្យ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជនមានការរីកចម្រើន និងយល់ដឹងគ្នាច្រើនថែមទៀត។ សម្តេចតេជោ បានសម្ដែងក្ដីសង្ឃឹមថា តាមរយៈការបើកព្រលានយន្តហោះថ្មីនៅសៀមរាប និងគម្រោងបើកព្រលានយន្តហោះថ្មីនៅភ្នំពេញ នាឆ្នាំក្រោយនេះ នឹងជួយពង្រីកថែមទៀតលើទំហំទេសចរណ៍កាន់តែច្រើនថែមទៀត។

សម្ដេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណចំពោះសាធារណរដ្ឋកូរ៉េផងដែរ ដែលបានផ្តល់ភាពអនុគ្រោះ និងសម្រួលដល់ពលករកម្ពុជា សម្រួលលក្ខខណ្ឌការងារ ដែលធ្វើឲ្យគេស្នាក់នៅបំពេញការងារ ហើយពេលត្រឡប់ទៅកម្ពុជាវិញ បាននាំយកទៅជាមួយនូវបច្ចេកទេសទំនើប ទៅបង្កើតការងារនៅកម្ពុជា រួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច នៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ សម្ដេចតេជោប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណផងដែរចំពោះ សាធារណរដ្ឋកូរ៉េ ដែលបានជួយបណ្តុះបណ្តាលកីឡាករកម្ពុជា ក្នុងការចូលរួមប្រកួតជាមួយ កីឡាស៊ីហ្គេមនៅកម្ពុជា កាលពីឆ្នាំ២០២២កន្លងមកនេះ ដែលក្នុងនោះក៏មានវត្តមានរបស់កីឡាករស្នុកឃី ដ៏ល្បី របស់កូរ៉េជាជនជាតិខ្មែរ ផងដែរ។

សម្ដេចក៏បានថ្លែងអំណរគុណផងដែរ និងអបអរសាទរចំពោះការកើនឡើង ក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលធ្វើឲ្យទំហំពាណិជ្ជកម្ម មានការកើនឡើង ហើយសូមថ្លែងអំណរគុណ និងសូមឲ្យរដ្ឋាភិបាលកូរ៉េ ជំរុញឲ្យអ្នកវិនិយោគទុនច្រើនថែមទៀតទៅកម្ពុជា។ បច្ចុប្បន្ននេះកម្ពុជាមិនគ្រាន់តែឈាន ដែលពីមុនជាអ្នកនាំចូល ឥឡូវនេះកម្ពុជា មានលទ្ធភាពក្នុងការផលិតដើម្បីនាំចេញផងដែរ។

សម្តេចតេជោ ប្រធានព្រឹទ្ធសភា បានជម្រាបផងដែរថា រាជរដ្ឋាភិបាលអាណត្តិថ្មីរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងខិតខំការពារអ្នកវិនិយោគទុនកូរ៉េ និងខិតខំប្រឹងប្រែង ដើម្បីការពារធានានូវសុខសន្តិភាពជារួមសម្រាប់អ្នកវិនិយោគពីបរទេសទាំងអស់។

សម្ដេចក៏បានថ្លែងនូវការអបអរសាទរនិងទន្ទឹងរង់ចាំការ ស្ថាបនា ស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលនឹងឆ្លងទន្លេសាប និងទន្លេមេគង្គ ដែលអាចចេញជារូបរាងនៅពេលឆាប់ៗខាងមុខ។ ទន្ទឹមនេះក៏សូមថ្លែងអំណរគុណ សាធារណរដ្ឋកូរ៉េ ដែលកំពុងបន្តជួយផ្លូវជាតិលេខ៤៨, លេខ២ និងលេខ២១៕

To Top