កីឡា

បើកការប្រួតកីឡាវាយសី ប្រមូលថវិកាពីសប្បុរសធម៌បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរជួយសង្គ្រោះជីវិតកុមារកម្ពុជា

ភ្នំពេញ៖ ដើម្បីចូលរួមជួយសង្គ្រោះជីវិតកុមារនៅក្នុងប្រទេសជាមួយរាជរដ្ឋាភិបាល និងស្ថាប័នផ្សេងៗទៀតក្រុមហ៊ុនធានារ៉ាប់រងជាច្រើន បានបើកកម្មវិធីកីឡាវាយសីប្រមូលថវិកាសប្បុរសធម៌បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរដោយ
សរុបថវិកាប្រមូលបាន មានចំនួន ១៤.២៩០ដុល្លារអាមរិក។

ថ្លែងក្នុងកម្មវិធីប្រកួតកីឡាវាយសីសប្បុរសធម៌ របស់វិស័យធានារ៉ាប់រងសម្រាប់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ មានរយៈពេល​ ២ថ្ងៃគឺចាប់ពីថ្ងៃទី១៤-១៥ ខែកញ្ញា ឆ្នាំ២០២៤ លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា បានកោតសរសើរ វិស័យធានារ៉ាប់រងដែលចូលរួមជួយសង្គមតាមរយៈកម្មវិធីប្រកួតកីឡាវាយសីសប្បុរសធម៌ ដើម្បី រៃអង្គាសថវិកា សម្រាប់ការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផានិងមន្ទីពេទ្យ កុមាអង្គរ។

លោក ប៊ូ ច័ន្ទភីរូ បានសម្ដែងការសប្បាយចិត្តដែលបានឃើញក្រុមហ៊ុនធានារ៉ាប់រងបានរួមគ្នាជាកម្លាំងធំមួយជួយដល់ការងារសង្គម។ លោក អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជាបានអះអាងថា« វិស័យធានារ៉ាប់រងជាបណ្ដាញសុវត្ថិភាពសង្គមមួយដែលខ្លាំងក្លា ដែលជួយដល់សង្គម ដែលសបញ្ជាក់ឱ្យឃើញថា ថ្ងៃនេះក្រុមហ៊ុនទាំងអស់ បានបំពេញនូវកាតព្វកិច្ចក្នុងការជួយដល់សង្គមតាមរយៈការចូលរួមការប្រកួត បង្កើនគុណភាពនៃជីវិតរបស់ខ្លួនផងនិងចូលរួមបរិច្ចាគដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារអង្គរផង»។

ចំណែកលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានថ្លែងអរគុណចំពោះក្រុមហ៊ុនធានារ៉ាប់រងទាំងឡាយដែលបានចូលរួមយ៉ាងអធិកអធមនៅថ្ងៃនេះ ព្រោះថា ការចូលរួមរបស់ក្រុមធានារ៉ាប់រងនាពេលនេះជាការឆ្លុះបញ្ចាំងនូវការប្រឹងប្រែងរបស់វិស័យធានារ៉ាប់រងក្នុងសកម្មភាពសង្គម ដោយឆ្នាំទី២នេះក៏នៅតែបន្តផ្ដោតទៅលើការគាំទ្រដល់មន្ទីររពេទ្យកុមារ ហើយឆ្នាំនេះបានពង្រីក ពីមន្ទីរពេទ្យគន្ធបុប្ផាដល់មន្ទីរពេទ្យកុមារអង្គរថែមទៀត។ លោក ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានធ្វើការកត់សម្គាល់ថា «យើងបានឃើញហើយកុមារកម្ពុជារាប់លាននាក់ត្រូវការសេវាព្យាបាលពីមន្ទីរពេទ្យនេះជាចាំបាច់ មានតម្រូវការជាច្រើន ទាំងក្នុងនាមវិស័យធានារ៉ាប់រងដែល គុណតម្លៃស្នូលរបស់យើងគឺ ផ្ដោតលើការយកចិត្តទុកដាក់ ការការពារក៏ដូចជា ផ្ដល់នូវភាពធន់ អ៊ីចឹងអ្វីដែលយើងបានធ្វើនេះឆ្លើយតបទៅនឹង គុណតម្លៃរបស់យើង ហើយការៀបចំការប្រកួតថ្ងៃនេះមិនត្រឹមជាការប្រកួតទេ ក៏ប៉ុន្តែពីការបង្ហាញស្មារតីរួមគ្នាដើម្បីសង្គមយើង»។

បើតាមអ្នកចាត់ចែងកម្មវិធីបានឱ្យដឹងថា គោលបំណងនៃការរៀបចំការប្រកួតកីឡាវាយសីសប្បុរសធម៌សម្រាប់មន្ទីរពេទ្យគន្ធបុប្ឆា  និងមន្ទីពេទ្យកុមាអង្គរនេះ បង្ហាញពីសកម្មភាពសង្គមរួមគ្នារបស់វិស័យធានារ៉ាប់រង ដើម្បីរៃអង្គាសថវិកាសប្បុរសធម៌សម្រាប់ការគាំទ្រមន្ទីរពេទ្យគន្ធបុប្ផានិងមន្ទីពេទ្យកុមាអង្គរ និងរឹតបន្តឹងទំនាក់ទំនងមិត្តភាពក្នុងចំណោមអ្នកប្រកបវិជ្ជាជីវៈនៅក្នុងវិស័យធានារ៉ាប់រង និងអតិថិជនធានារ៉ាប់រង ព្រមទាំងលើកកម្ពស់សុខភាពតាមរយៈកីឡា។

សូមជម្រាបថា ប្រភពថវិកាសម្រាប់ការរៀបចំកម្មវិធី បានមកពីការឧបត្ថម្ភរបស់ក្រុមហ៊ុនធានារ៉ាប់រង និងការបង់ថ្លៃចុះឈ្មោះចូលរួមប្រកួតពីសំណាក់កីឡាករ-កីឡាការិនី។

សរុបថវិកាប្រមូលបាន មានចំនួន ១៤.២៩០ដុល្លារអាម៉េរិក។ ថវិកាសប្បុរសធម៌នឹងត្រូវបរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីពេទ្យកុមារអង្គរ  បន្ទាប់ពីកាត់កងចំណាយលើការរៀបចំការប្រកួតរួចរាល់៕

To Top