ព័ត៌មានជាតិ

កម្ពុជា-អឺរ៉ុប រៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជន ដើម្បីស្ដាប់កង្វល់វិនិយោគិនអឺរ៉ុប

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក អ៊ីហ្គ័រ ឌ្រីសមែន្ស (Igor Driesmans) ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប ប្រចាំកម្ពុជា បានដឹកនាំកិច្ចសន្ទនារវាងរដ្ឋ និងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី១ ដើម្បីស្ដាប់អំពីកង្វល់ របស់វិនិយោគិនអឺរ៉ុប នៅកម្ពុជា។

កិច្ចសន្ទនារវាងរដ្ឋនិងឯកជន កម្ពុជា-សហភាពអ៊ឺរ៉ុប លើកទី ១ នេះគឺជាផ្នែកមួយនៃយន្តការថែទាំវិនិយោគ ដែលត្រូវបានរៀបចំឡើងក្រោមការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់ពីប្រមុខថ្នាក់ដឹកនាំកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងទទួលបានការឯកភាពពីថ្នាក់ដឹកនាំនៃសហភាពអឺរ៉ុប ដើម្បីប្រើប្រាស់កិច្ចសន្ទនានេះជារបៀបវារៈផ្លូវការរួមគ្នា ពីគ្រប់ស្ថាប័នពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា និងសហភាពអ៊ឺរ៉ុប សម្រាប់ស្ដាប់និងដោះស្រាយរាល់បញ្ហាប្រឈមរបស់វិនិយោគិនអឺរ៉ុបដែលកំពុងបណ្ដាក់ទុនវិនិយោគនៅកម្ពុជា និងលើកកម្ពស់ទំនុកចិត្តជូនដល់បណ្ដាវិនិយោគិនអឺរ៉ុបផ្សេងទៀត ដែលមានបំណងជ្រើសរើសកម្ពុជាទីតាំងវិនិយោគ។

ជាកិច្ចចាប់ផ្ដើម លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើងថា ការរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជន កម្ពុជា-សហភាពអឺរ៉ុប លើកទី១នេះ បានឆ្លុះបញ្ចាំងអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីស្ដាប់អំពីកង្វល់របស់វិនិយោគិនអឺរ៉ឺប តាមរយៈការប្រើប្រាស់របៀបវារៈផ្លូវការជាទៀតទាត់ ធានាដល់ការតាមដាន និងការដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិនជាអាទិភាព។

លោកឧបនាយករដ្ឋមន្ត្រី បន្ដថា កម្ពុជាបានបើកចំហរទទួលការវិនិយោគពីគ្រប់បណ្ដាប្រទេសទាំងអស់ នៅលើសកលលោក ហើយបច្ចុប្បន្នក្រៅអំពីការសម្របសម្រួលនិងថែទាំវិនិយោគ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានបន្តខិតខំគោះទ្វារវិនិយោគិនមានសក្ដានុពលពីប្រទេសនានា មានជាអាទិ៍ សហភាពអ៊ឺរ៉ុបជាដើម។

លោកឧបនាយករដ្ឋមន្ត្រី បានជម្រាបបន្ថែមថា ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាគ្រោងនឹងរៀបចំទស្សនកិច្ចគោះទ្វារវិនិយោគិននៅសហភាពអឺរ៉ុបជាលើកទី២ នាពេលឆាប់ៗខាងមុខនេះ ក្រោយពេលគណៈប្រតិភូកម្ពុជា ទទួលបានលទ្ធផលជោគជ័យក្នុងដំណើរទស្សនកិច្ចលើកទី១ កាលពីខែមិថុនា ឆ្នាំ២០២៤កន្លងទៅ។

មានប្រសាសន៍ក្នុងឱកាសនេះ លោក អ៊ីហ្គ័រ ឌ្រីសមែន្ស បានរំលេចផងដែរអំពីក្របខណ្ឌនៃការរៀបចំកិច្ចសន្ទនារវាងរដ្ឋ និងឯកជន កម្ពុជា-សហភាពអឺរ៉ុប លើកទី១ បានក្លាយជាឱកាសថ្មីដែលនាំមកនូវជំនួបពិភាក្សាគ្នារវាងគ្រប់ភាគីពាក់ព័ន្ធនៃរាជរដ្ឋាភិបាលកម្ពុជា សម្របសម្រួលដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងសហភាពអឺរ៉ុប ក្រោមកិច្ចសម្របសម្រួលពីសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីពិនិត្យលើបញ្ហាប្រឈមនានារបស់ វិនិយោគិន។

បន្ថែមពីនេះ ជាការឆ្លើយតបលើការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្រ្តី, លោកឯកអគ្គរដ្ឋទូតបានគាំទ្រលើគំនិតផ្ដួចផ្ដើមរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងការត្រៀមរៀបចំដំណើរទស្សនកិច្ចលើកទី ២ ទៅសហភាពអឺរ៉ុប។ សហភាពអឺរ៉ុប នឹងបន្តផ្ដល់កិច្ចសហការនានាមកកម្ពុជា ដើម្បីជាចំណែកបង្កើនតម្លៃនៃការអភិវឌ្ឍសង្គមកម្ពុជាបន្ថែមទៀត៕

To Top