ស្ថានភាពជំនន់ទឹកភ្លៀង

ទឹកជំនន់នៅអឺរ៉ុបកណ្តាល បណ្តាលឱ្យមានអ្នកស្លាប់កើនដល់២២នាក់ ខណៈអាជ្ញាធរណែនាំឱ្យប្រជាជនជម្លៀសខ្លួន

AFP

បរទេស៖ អ្នកស្ម័គ្រចិត្ដ និងបុគ្គលិកសង្គ្រោះបន្ទាន់បានប្រឹងប្រែងដើម្បីធានាសុវត្ថិភាពសម្រាប់ប្រជាជននៅអមតាមច្រាំងទន្លេក្នុងទីក្រុងប្រវត្តិសាស្ត្រ Wroclaw របស់ប្រទេសប៉ូឡូញកាលពីថ្ងៃអង្គារ ខណៈដែលក្រុងនៅក្បែរនោះបានណែនាំអ្នកស្រុកឱ្យជម្លៀសចេញ ហើយអាជ្ញាធរនៅទូទាំងអឺរ៉ុបកណ្តាលបានគណនាតម្លៃខូចខាតដោយសារទឹកជំនន់ដែលបានធ្វើឱ្យមានការបំផ្លិចបំផ្លាញ និងបានសម្លាប់មនុស្សយ៉ាងហោចណាស់ ២២ នាក់។

យោងតាមសារព័ត៌មាន The Japan Times ចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា ទឹកជំនន់បានបំផ្លិចបំផ្លាញផ្លូវពីរូម៉ានីទៅប៉ូឡូញ។ ខណៈពេលដែលទឹកកំពុងស្រកនៅតំបន់ជាច្រើន អ្នកផ្សេងទៀតកំពុងរង់ចាំយ៉ាងអន្ទះសារដើម្បីឱ្យទឹកទន្លេស្រកចុះវិញ។

តំបន់នៅតាមបណ្តោយព្រំដែនរវាងឆេក និងប្រទេសប៉ូឡូញ ស្ថិតក្នុងចំណោមតំបន់ដែលរងគ្រោះខ្លាំងបំផុតចាប់តាំងពីចុងសប្តាហ៍មក ខណៈដែលទឹកទន្លេដែលពោរពេញដោយកំទេចកំទីបានបំផ្លិចបំផ្លាញទីក្រុងប្រវត្តិសាស្ត្រ បាក់ស្ពាន និងបំផ្លាញផ្ទះសម្បែង។

ទឹកជំនន់បានសម្លាប់មនុស្ស ៧នាក់ក្នុងប្រទេសរ៉ូម៉ានី ជាកន្លែងដែលទឹកបានស្រកចាប់តាំងពីចុងសប្តាហ៍។ មនុស្ស ៧នាក់បានស្លាប់នៅប្រទេសប៉ូឡូញ , ៥នាក់ស្លាប់នៅអូទ្រីស និង៣នាក់នៅសាធារណរដ្ឋឆេក។ គ្រួសាររងគ្រោះនៅសាធារណរដ្ឋឆែក និងប៉ូឡូញ រាប់ម៉ឺនគ្រួសារនៅតែគ្មានថាមពល ឬទឹកសាបប្រើប្រាស់។

ទីក្រុង Wroclaw ដែលជាទីក្រុងធំទី 3 របស់ប្រទេសប៉ូឡូញ បានទទួលរងទឹកជន់លិចខ្ពស់បំផុតនៅតាមដងទន្លេ Oder និង Bystrzyca ។ អាជ្ញាធរនៅក្នុងស្រុក Katy Wroclawskie ភាគនិរតីនៃទីក្រុង Wroclaw បានផ្តល់អនុសាសន៍ឱ្យអ្នកស្រុកមួយចំនួន ជម្លៀសចេញ៕

ប្រែសម្រួលៈ ណៃ តុលា

To Top