ព័ត៌មានអន្តរជាតិ

សហរដ្ឋអាមេរិក ឆ្លើយតបនឹងសំណើគោល លទ្ធិនុយក្លេអ៊ែរ របស់ប្រធានាធិបតីរុស្ស៊ី

RT News

វ៉ាស៊ីនតោន៖ ការព្រមានរបស់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ដែលថា រុស្ស៊ីមានផែនការធ្វើបច្ចុប្បន្នភាពគោល លទ្ធិនុយក្លេអ៊ែរជាតិរបស់ខ្លួនគឺជាការ “គ្មានការទទួលខុសត្រូវ” ។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ។

យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃពុធ លោក ពូទីន បានស្នើថា នៅក្រោមកំណែកែប្រែនៃ គោលលទ្ធិនុយក្លេអ៊ែររបស់រុស្ស៊ី ការឈ្លានពានណាមួយប្រឆាំងនឹង ប្រទេសដោយរដ្ឋមិនមែននុយក្លេអ៊ែរ ដោយមានការចូលរួម ឬការគាំទ្រពីរដ្ឋនុយក្លេអ៊ែរ គឺអាចចាត់ទុកថាជា “ការវាយប្រហាររួមគ្នា” និងឆ្លងកាត់កម្រិតនុយក្លេអ៊ែរ។ ការផ្លាស់ប្តូរដែលបានស្នើឡើងនេះបង្កប់ន័យថា ច្បាប់ថ្មីអាចអនុវត្តចំពោះការវាយប្រហាររបស់អ៊ុយក្រែន យ៉ាងជ្រៅនៅក្នុងប្រទេសរុស្ស៊ីជាមួយនឹង អាវុធទំនើបដែលផ្គត់ផ្គង់ដោយសហរដ្ឋអាមេរិក អង់គ្លេស ឬបារាំង។

លោក Blinken បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយ MSNBC កាលពីថ្ងៃព្រហស្បតិ៍ថា “វាជាការមិនទទួលខុសត្រូវទាំងស្រុង” ។ លោកក៏បានស្នើផងដែរថា ការអត្ថាធិប្បាយរបស់ប្រធានាធិបតីរុស្ស៊ី ត្រូវបានកំណត់ពេលវេលាមិនល្អ ខណៈដែលមេដឹកនាំពិភពលោកប្រមូលផ្តុំគ្នា នៅទីក្រុងញូវយ៉កសម្រាប់មហាសន្និបាត អង្គការសហប្រជាជាតិក្នុងសប្តាហ៍នេះ ហើយបានអំពាវនាវឱ្យ សហគមន៍អន្តរជាតិពិភាក្សាអំពី “តម្រូវការសម្រាប់ការរំសាយអាវុធបន្ថែម ការមិនរីកសាយភាយអាវុធ”។

ជាមួយគ្នានេះដែរ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានពន្យល់ថា សំណើរបស់លោកពូទីន ដើម្បីធ្វើបច្ចុប្បន្នភាពគោលលទ្ធិនុយក្លេអ៊ែរ គឺមានបំណងបម្រើជាការព្រមាន ដល់រដ្ឋលោកខាងលិច អំពីការគាំទ្រការកើនឡើងការឈ្លានពាន របស់អ៊ុយក្រែនប្រឆាំងនឹងរុស្ស៊ី ឬសម្ព័ន្ធមិត្តដ៏សំខាន់របស់ខ្លួន គឺបេឡារុស្ស ៕

ប្រែសម្រួលៈ ណៃ តុលា

To Top