តូក្យូ៖ នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសជប៉ុនលោក Shigeru Ishiba បានប្រាប់សមភាគីរបស់ លោកពីក្រុមប្រទេសទាំង៧ ថាកិច្ចសហប្រតិបត្តិការក្នុងចំណោម ពួកគេមានសារៈសំខាន់កាន់តែខ្លាំងឡើង ខណៈដែលបញ្ហាសន្តិសុខនៃមជ្ឈិមបូព៌ា អឺរ៉ុប រួមទាំងអ៊ុយក្រែន និងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកមាន ទំនាក់ទំនងគ្នាយ៉ាងជិតស្និទ្ធ។
បន្ទាប់ពីចូលរួមការអំពាវនាវជាមួយ មេដឹកនាំផ្សេងទៀតនៃលទ្ធិប្រជាធិបតេយ្យ ឧស្សាហកម្មធំៗជាលើកដំបូង លោក Ishiba បានប្រាប់អ្នកយកព័ត៌មានថា លោកបានគូសបញ្ជាក់ថា ក្រុម និងភាគីពាក់ព័ន្ធទាំងអស់គួរតែអនុវត្ត “ការអត់ធ្មត់ជាអតិបរមា និងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព ដើម្បីធ្វើឱ្យស្ថានភាពស្ងប់ស្ងាត់ ដើម្បីកុំឱ្យវាកើតឡើងឈានទៅ រកសង្គ្រាមទាំងអស់”។
លោក Ishiba ដែលចូលកាន់តំណែងកាលពីថ្ងៃអង្គារ គឺសំដៅទៅលើស្ថានភាពនៅមជ្ឈិមបូព៌ា ដែលកាន់តែធ្ងន់ធ្ងរឡើង បន្ទាប់ពីការវាយប្រហារចុងក្រោយរបស់អ៊ីរ៉ង់ ប្រឆាំងនឹងអ៊ីស្រាអែល ជាមួយនឹងកាំជ្រួចជាច្រើនគ្រាប់។
យោងតាមសេចក្តីថ្លែងការណ៍ របស់រដ្ឋាភិបាលជប៉ុនដែលបាន ចេញផ្សាយបន្ទាប់ពីលោក Ishiba បាននិយាយទៅកាន់អ្នកសារព័ត៌មាន មុនពាក់កណ្តាលអធ្រាត្រនៅឯគេហដ្ឋានផ្លូវការ របស់នាយករដ្ឋមន្ត្រីនោះ លោកក៏បានឲ្យដឹងផងដែរថា ប្រទេសជប៉ុននឹងបង្កើនកិច្ចខិតខំ ប្រឹងប្រែងការទូតរបស់ខ្លួន រួមទាំងចំពោះអ៊ីរ៉ង់ផងដែរ ដើម្បីការពារស្ថានភាពកុំឱ្យកាន់តែអាក្រក់ទៅៗ។
សេតវិមានបានឲ្យដឹងថា ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន និងមេដឹកនាំ G7 ផ្សេងទៀត “ថ្កោលទោសយ៉ាងដាច់អហង្ការ” ការវាយប្រហាររបស់អ៊ីរ៉ង់ និងបានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្ត របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះសន្តិសុខរបស់អ៊ីស្រាអែល ៕
ប្រែសម្រួល ឈូក បូរ៉ា