ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីជប៉ុន ប្តេជ្ញាបន្ធូរបន្ថយការព្រួយ បារម្ភជាសាធារណៈ ចំពេលមាន វិបត្ដិសន្តិសុខ និងសេដ្ឋកិច្ច

តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក Shigeru Ishiba បានសន្យាថា នឹងស្តារការជឿទុកចិត្តលើនយោបាយឡើងវិញ បន្ទាប់ពីមានរឿងអាស្រូវជាបន្តបន្ទាប់ ហើយបានព្យាយាម ធានាដល់សាធារណជន ចំពេលមានការគំរាមកំហែង ផ្នែកសន្តិសុខពីប្រទេស ជិតខាងរបស់ប្រទេសជប៉ុន និងតម្លៃរស់នៅកើនឡើងខ្ពស់។

អតីតរដ្ឋមន្ត្រីការពារជាតិ បានហៅបរិយាកាសសន្តិសុខ ដែលប្រឈមមុខនឹងប្រទេសជប៉ុនថា “ធ្ងន់ធ្ងរបំផុត និងស្មុគស្មាញបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២” នៅក្នុងសុន្ទរកថាដំបូង របស់គាត់នៅក្នុងសភា បន្ទាប់ពីបានជាប់ឆ្នោត ជានាយករដ្ឋមន្ត្រី កាលពីដើមសប្តាហ៍នេះ។

ដោយកត់សម្គាល់ពីការរំលោភដែនអាកាសនាពេលថ្មីៗនេះដោយរុស្ស៊ី និងចិន និងការអភិវឌ្ឍន៍មីស៊ីលដោយកូរ៉េខាងជើង លោកបានគូសបញ្ជាក់ពីភាពបន្ទាន់ នៃការពង្រឹងមូលដ្ឋានការពាររបស់ប្រទេស និងការពង្រីកបណ្តាញ នៃបណ្តាប្រទេស ដែលមានគំនិតដូចគ្នា ដោយមានសម្ព័ន្ធភាពយូរអង្វែងរបស់ជប៉ុន ជាមួយសហរដ្ឋអាមេរិកជាស្នូល។

តាមមាគ៌ាដែលបានកំណត់ ដោយអ្នកកាន់តំណែងមុនរបស់លោក ហ្វូមីអូ គីស៊ីដា មេដឹកនាំអាយុ ៦៧ ឆ្នាំក៏បានសន្យាថា នឹងបន្តការគាំទ្រដល់គ្រួសារ ដែលរងផល ប៉ះពាល់ដោយអតិផរណា រហូតដល់វដ្តនៃកំណើន និងការចែកចាយទ្រព្យ សម្បត្តិឡើង វិញគឺពិតជាមានចលនា ដែលនឹងអនុញ្ញាតឱ្យមនុស្សមាន អារម្មណ៍ថាទទួលបានអត្ថប្រយោជន៍ នៃកំណើនសេដ្ឋកិច្ច និងប្រាក់ឈ្នួល៕
ប្រែសម្រួល ឈូក បូរ៉ា

To Top