បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ព័ត៌មាននៅកាសែត Die Welt បានរាយការណ៍ កាលពីថ្ងៃសៅរ៍ទៅលើឯកសារ ផែនការសម្ងាត់ ដែលខ្លួនទទួលបានពីក្រសួងការពារជាតិ អាល្លឺម៉ង់ថា ណាតូ NATO គ្រោងនឹងបង្កើនចំនួនអង្គភាព ប្រយុទ្ធរបស់ខ្លួនយ៉ាងខ្លាំង ចំពេលមានភាពតានតឹង ជាមួយរុស្ស៊ី ។
ឯកសារដែលមានចំណងជើងថា ៖ តម្រូវការសមត្ថភាពអប្បបរមា ត្រូវបានគេរាយការណ៍ថា សរសេរដោយមេបញ្ជាការ កំពូលពីរនាក់ នៃប្លុកដែលដឹកនាំដោយសហរដ្ឋអាមេរិកគឺ ឧត្តមសេនីយ៍អាមេរិក Christopher Cavoli មេបញ្ជាការសម្ព័ន្ធមិត្តកំពូលអឺរ៉ុប និងឧត្តមនាវីឯកបារាំង Pierre Vandier ដែលទទួលខុសត្រូវ ចំពោះបញ្ហាគោលលទ្ធិ និងការផ្លាស់ប្តូររបស់ប្លុក ។
កាសែត Die Welt ដដែលបាននិយាយថា ឯកសារនេះបង្ហាញ ពីតម្រូវការជាមូលដ្ឋាន ដែលអង្គការណាតូត្រូវបំពេញ ប្រសិនបើខ្លួនមានគម្រោងការពារគ្រប់នាទី នៃទឹកដីរបស់ខ្លួន នៅក្នុងជម្លោះដ៏មានសក្តានុពល ជាមួយទីក្រុងមូស្គូ។
លោកCavoli និង Vandier ពន្យល់ថាចំនួនកងពលតូច ប្រយុទ្ធរបស់ប្លុកបច្ចុប្បន្នមិនគ្រប់គ្រាន់ សម្រាប់កិច្ចការនេះ ហើយគួរតែត្រូវបាន បង្កើនពី៨២ទៅ១៣១ ។
កាសែតនេះក៏បាននិយាយដែរថា នៅក្រោមស្តង់ដារកងទ័ពអាល្លឺម៉ង់ កម្លាំង នៃការបង្កើតថ្មីបែបនេះ គួរតែមានប្រហែល ៥,០០០ ទាហានក្នុងមួយអង្គភាព ដោយមិនពន្យល់ថា តើយុទ្ធសាស្ត្រណាតូ បានគូសបញ្ជាក់ អំពីតម្រូវការជាក់លាក់ណា មួយឬអត់នោះទេ ៕
ប្រែសម្រួល៖ស៊ុនលី