ព័ត៌មានអន្តរជាតិ

ក្រុមហេបូឡាហ៍ បាញ់គ្រាប់រ៉ុក្កែតទៅលើទីក្រុងធំទី៣ របស់អ៊ីស្រាអ៊ែល ខណៈកម្លាំងរបស់អ៊ីស្រាអ៊ែល ត្រៀមធ្វើការវាយឆ្មក់វិញ នៅភាគខាងត្បូងប្រទេសលីបង់

AFP

យេរ៉ូសាឡឹម/បេរ៉ាត់៖ កាលពីថ្ងៃចន្ទ ក្រុមហេសបូឡាហ៍ បានបាញ់គ្រាប់រ៉ុក្កែតទៅលើទីក្រុងធំទី៣ របស់ប្រទេសអ៊ីស្រាអ៊ែល គឺក្រុង Haifa ខណៈដែលកងកម្លាំងអ៊ីស្រាអ៊ែល សម្លឹងមើលការត្រៀមខ្លួនដើម្បីបង្កើនការ វាយឆ្មក់នៅលើដីគោកទៅកាន់ ភាគខាងត្បូងនៃប្រទេសលីបង់ នៅក្នុងថ្ងៃគម្រប់ខួបដំបូងនៃសង្គ្រាម កើតឡើងនៅតំបន់ហ្គាហ្សា ដែលបានរីករាលដាលជម្លោះ នៅទូទាំងមជ្ឈឹមបូព៌ា ។

ក្រុមហេសបូឡាហ៍ ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ដែលជាសម្ព័ន្ធមិត្តរបស់ក្រុមហាម៉ាស់ ដែលជាក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន ដែលប្រយុទ្ធជាមួយអ៊ីស្រាអ៊ែល នៅតំបន់ហ្គាហ្សា បានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅមូលដ្ឋាន​ យោធាមួយនៅភាគខាងត្បូងទីក្រុង Haifa ជាមួយនឹងមីស៊ីល Fadi 1 ហើយបានបើកការវាយប្រហារ មួយទៀតទៅលើតំបន់ Tiberias ដែលមានចម្ងាយ៦៥គីឡូម៉ែត្រ ។

ក្រុមហេបូឡាហ៍ បានឲ្យដឹងថា ខ្លួនបានកំណត់គោលដៅ លើតំបន់ភាគខាងជើងនៃទីក្រុង Haifa ជាមួយនឹងមីស៊ីលនៅពេលក្រោយ ។ យោធាអ៊ីស្រាអ៊ែល បានឲ្យដឹងថា មីស៊ីលប្រហែល១៣៥គ្រាប់ បានចូលក្នុងទឹកដីអ៊ីស្រាអ៊ែល កាលពីថ្ងៃចន្ទគិតត្រឹមម៉ោង៥ល្ងាច ហើយមនុស្សចំនួន១០នាក់ ត្រូវបានគេរាយការណ៍ថា បានរងរបួសនៅតំបន់ Haifa និង ២នាក់ទៀតនៅភាគខាងត្បូង និងនៅតំបន់ភាគ  កណ្តាលអ៊ីស្រាអ៊ែល ។

យោធាអ៊ីស្រាអ៊ែល បានបញ្ជាក់ថា កងកម្លាំងការពារដែនអាកាសកំពុងធ្វើការ ទម្លាក់គ្រាប់បែកយ៉ាងច្រើនទៅលើគោលដៅ របស់ក្រុមហេសបូឡាហ៍ ដែលនៅភាគខាងត្បូងនៃប្រទេសលីបង់ ហើយទាហានអ៊ីស្រាអ៊ែលចំនួន ២នាក់ ត្រូវបានសម្លាប់នៅក្នុង ការប្រយុទ្ធគ្នាតាមតំបន់ព្រំដែន ដែលនាំឱ្យចំនួនអ្នកស្លាប់យោធា នៅក្នុងប្រទេសលីបង់គិតរហូតមកដល់ ពេលនេះកើនឡើងដល់១១នាក់ ។

ក្រសួងសុខាភិបាលរបស់ប្រទេសលីបង់ បានឲ្យដឹងថា អ្នកពន្លត់អគ្គីភ័យចំនួន១០នាក់ ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារ តាមផ្លូវអាកាសរបស់អ៊ីស្រាអ៊ែល ទៅលើអគារក្រុង នៅក្នុងទីក្រុង Bint Jbeil តំបន់ព្រំដែន ហើយការវាយប្រហារតាមផ្លូវអាកាស ផ្សេងទៀតកាលពីថ្ងៃអាទិត្យបានសម្លាប់មនុស្សអស់ចំនួន ២២នាក់នៅក្នុងទីក្រុងភាគខាងត្បូង និងភាគខាងកើតនៃប្រទេសលីបង់ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top