ព័ត៌មានអន្តរជាតិ

លោក បៃដិន ផ្អាកដំណើរទស្សនកិច្ច ក្រៅប្រទេស ខណៈព្យុះសង្ឃរា Milton ត្រូវបានគេរំពឹងថា នឹងវាយប្រហារលើរដ្ឋផ្លរីដា

Xinhua

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានពន្យារពេលដំណើរទស្សនកិច្ច នៅក្រៅប្រទេស ដែលនឹងនាំលោកទៅកាន់ ប្រទេសអាល្លឺម៉ង់ និងអង់ហ្គោឡា នៅចុងសប្តាហ៍នេះ ហើយជំនួសមកវិញជាមួយនឹងផ្តោតលើការ ត្រៀមលក្ខណៈ សម្រាប់ការវាយប្រហារ ដែលរំពឹងទុកនៃព្យុះសង្ឃរា Milton នៅរដ្ឋផ្លរីដា ។

អ្នកនាំពាក្យសេតវិមានបានឲ្យដឹងថា “ដោយមើលឃើញពីគន្លង និងកម្លាំងនៃព្យុះសង្ឃរឋ Milton ប្រធានាធិបតីលោក ចូ បៃដិន កំពុងពន្យារពេលការធ្វើដំណើរនាពេលខាងមុខរបស់លោកទៅកាន់ប្រទេសអាល្លឺម៉ង់ និងអង់ហ្គោឡា ដើម្បីត្រួតពិនិត្យការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងព្យុះនេះ បន្ថែមពីលើការឆ្លើយតបជាបន្ត ចំពោះផលប៉ះពាល់នៃព្យុះសង្ឃរា Helene នៅទូទាំងភាគអាគ្នេយ៍ប្រទេស”។ 

លោកប្រធានាធិបតី បានចំណាយពេលមួយព្រឹកនៅក្នុងសេតវិមាន ដោយទទួលបានព័ត៌មាន សង្ខេបអំពីការឆ្លើយតបរបស់រដ្ឋាភិបាល សហព័ន្ធចំពោះព្យុះសង្ឃរា Helene និងការត្រៀមលក្ខណៈសម្រាប់ព្យុះសង្ឃរា Milton ហើយបន្ទាប់មកផ្តល់ព័ត៌មានថ្មីៗអំពីកិច្ចខិតខំប្រឹងប្រែងទាំងនោះ។

លោក បៃដិន បាន​ឲ្យដឹងនៅក្នុង​សុន្ទរកថា ​ពន្យល់​ពី​ការ​ពន្យារ​ពេល ​នៃ​ការ​ធ្វើ​ដំណើរ​ទៅ​បរទេស​របស់​លោក​ថា “យើង​នឹង​បន្ត​ផ្ដោត​លើ​អ្វី​ដែល​នៅ​ខាង​មុខ​យើង​នៅ​ពេល​នេះ”។

យោងតាមផែនការដើម លោក បៃដិន គ្រោងនឹងចាកចេញ ពីថ្ងៃព្រហស្បតិ៍ទៅកាន់ទីក្រុងប៊ែរឡាំង ជាកន្លែងដែលលោកនឹងកោះប្រជុំ ក្រុមទំនាក់ទំនងការពារជាតិ អ៊ុយក្រែន សម្រាប់កិច្ចប្រជុំមួយ ដើម្បីសម្របសម្រួលការគាំទ្រ សម្រាប់អ៊ុយក្រែន  បន្ទាប់​មកលោកនឹង​ធ្វើ​ដំណើរ​ទៅ​អាហ្វ្រិក​ខាង​ត្បូង​នៃ​ប្រទេស​អង់ហ្គោឡា ៕
ប្រែសម្រួល ឈូក បូរ៉ា

To Top