តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុន ដែលទើបតែងតាំងថ្មីលោក Takeshi Iwaya និងសមភាគីចិនលោក វ៉ាង យី បានព្រមព្រៀងគ្នាថា ប្រជាជាតិទាំងពីរនឹង កសាងទំនាក់ទំនងប្រកបដោយភាពស្ថាបនា និងស្ថិរភាពក្នុងអំឡុងពេលកិច្ច ពិភាក្សាគ្នាតាមទូរស័ព្ទជាលើកដំបូងរបស់ពួកគេ នេះបើយោងតាមក្រសួង ការបរទេសជប៉ុន។
ខណៈពេលដែលលោក Iwaya និងលោក វ៉ាង យី បានពិភាក្សាអំពីវិស័យសក្តានុពលនៃកិច្ចសហប្រតិបត្តិការទ្វេភាគី ហើយបានយល់ព្រមបន្តការសន្ទនាឆ្ពោះ ទៅរកគោលដៅនោះ ទំនាក់ទំនងរវាងប្រទេសជិត ខាងទាំងពីរ នៅតែមានភាពតានតឹងលើ បញ្ហាមួយចំនួន។
ក្នុងចំណោមឧប្បត្តិហេតុថ្មីៗ ដែលបានបង្កើនភាពតានតឹងរវាងប្រទេសទាំងពីរ យន្តហោះចារកម្មចិនបានរំលោភដែនអាកាសរបស់ជប៉ុននៅជិតកោះក្នុងខេត្តណាហ្គាសាគី ភាគនិរតីប្រទេសកាលពីចុងខែសីហា។
ដោយបង្ហាញពី “ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ” របស់ប្រទេសជប៉ុន ចំពោះសកម្មភាពយោធាកាន់តែខ្លាំង របស់ចិននៅជុំវិញប្រទេស នោះ លោក Iwaya បានស្នើសុំការពន្យល់យ៉ាងម៉ត់ចត់ពីទីក្រុងប៉េកាំង ទាក់ទងនឹងការរំលោភ ដែនអាកាស។
ក្នុងអំឡុងពេលនៃកិច្ចពិភាក្សារយៈពេល ៤៥នាទីរបស់ពួកគេលោក Iwaya បានប្រាប់លោក វ៉ាង យី ថារដ្ឋាភិបាលជប៉ុន កំពុងឃ្លាំមើលយ៉ាងដិតដល់នូវការវិវត្តជុំវិញកោះតៃវ៉ាន់ ហើយបានរំលឹកឡើងវិញពីសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ ចំពោះសហគមន៍អន្តរជាតិ រួមទាំងប្រទេសជប៉ុនផងដែរ។
ទីភ្នាក់ងារព័ត៌មានស៊ីនហួផ្លូវការរបស់ប្រទេសចិនបានរាយការណ៍ថា លោក វ៉ាង យី បានសម្តែងក្តីសង្ឃឹមថា “ប្រទេសជប៉ុន នឹងគោរពការប្តេជ្ញាចិត្តនយោបាយ របស់ខ្លួនលើសំណួរតៃវ៉ាន់”៕
ប្រែសម្រួល ឈូក បូរ៉ា
