ព័ត៌មានអន្តរជាតិ

ប្រាក់ចំណូលប្រចាំខែ របស់ពលរដ្ឋវៀតណាម សម្រាប់មនុស្សម្នាក់ៗ គិតក្នុងត្រីមាសទី៣ឆ្នាំនេះ ជាមធ្យមមាន ចំនួន៣០៦ដុល្លារអាមេរិក

ហាណូយ ៖ យោងតាមការិយាល័យស្ថិតិទូទៅ ដែលប្រកាសនៅក្នុងរបាយការណ៍ទីផ្សារ ការងារចុងក្រោយរបស់ខ្លួនថា ប្រាក់ចំណូលប្រចាំខែ របស់ពលរដ្ឋវៀតណាម សម្រាប់មនុស្សម្នាក់ៗ គិតនៅក្នុងត្រីមាសទី៣នៃឆ្នាំនេះ ដែលជាមធ្យមមានចំនួន៧,៦លានដុង ស្មើនឹងប្រហែល៣០៦ដុល្លារ សហរដ្ឋអាមេរិក ដែលចំនួននេះបានកើនឡើង៥១៩.០០០ដុង ស្មើនឹងប្រហែល២១ដុល្លារ សហរដ្ឋអាមេរិក ពីមួយឆ្នាំទៅមួយឆ្នាំ ។
ប្រាក់ចំណូលគិត ជាមធ្យមរបស់កម្មករទាំងបុរស និងស្ត្រី មានចំនួន៨,៧លានដុង ស្មើនឹង៣៥០ដុល្លារអាមេរិក និងចំនួន៦,៥លានដុង ស្មើនឹងប្រហែល២៦២ដុល្លារអាមេរិក ។

ប្រាក់ចំណូលប្រចាំខែ គិតជាមធ្យមសម្រាប់កម្មករនៅតាមទីក្រុងគឺ ៩,៣លានដុង ស្មើនឹងប្រហែល៣៧៥ដុល្លារអាមេរិក ខណៈតួលេខនេះគឺ៦,៦លានដុង ស្មើនឹងប្រហែល២៦៦ដុល្លារ អាមេរិកនៅតំបន់ជនបទ ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ឲ្យដឹងថា ក្នុងអំឡុង ពេលដែលបានលើកឡើង វិស័យសេដ្ឋកិច្ចភាគច្រើន បានរាយការណ៍ពីការកើនឡើង នៃប្រាក់ចំណូលគិតជាមធ្យមរបស់កម្មករបើធៀប នឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។

ប្រាក់ចំណូលគិតជាមធ្យម របស់បុគ្គលិកផ្នែកហិរញ្ញវត្ថុ ធនាគារ និងធានារ៉ាប់រងគឺចំនួន១២,៧លានដុង ស្មើនឹង៥១២ដុល្លារអាមេរិកក្នុង១ខែ ខណៈអ្នកដែលធ្វើការក្នុងវិស័យ អចលនទ្រព្យមានប្រាក់ចំណូលប្រចាំខែគិតជាមធ្យម១១,៩លានដុង ស្មើនឹងប្រហែល៤៧៩ដុល្លារអាមេរិក ។

ប្រទេសវៀតណាម មានកម្មករនិយោជិតចំនួន៥១,៦លាននាក់គិតនៅក្នុងត្រីមាសទី៣នេះដែលបានកើនឡើងចំនួន២៤៤.៦០០នាក់បើធៀបនឹងឆ្នាំមុន ។
ការិយាល័យខាងលើបានឱ្យដឹងថា នៅក្នុងចំណោមកម្លាំងពលកម្ម៣៣លាននាក់ ឬស្មើនឹង៦៣,៩ភាគរយគឺជាកម្មករមិនស្របច្បាប់ ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top