នៅថ្ងៃទី៩ ខែកញ្ញា តាមម៉ោងក្នុងតំបន់ កិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៤ និង ៤៥ ព្រមនិងកិច្ចប្រជុំ ពាក់ព័ន្ធបានបើកធ្វើ នៅទីក្រុងវៀងចន្ទន៍ រដ្ឋធានី នៃប្រទេសឡាវ ដែលជាប្រធានប្តូរវេន នៃអាស៊ានក្រោមប្រធានបទ “អាស៊ាន ៖ បង្កើន ការតភ្ជាប់និងភាពធន់” ។ កិច្ចប្រជុំកំពូលលើកនេះ មានការចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ នៃប្រទេសជាង២០ ក្នុងនោះបូករួមទាំងបណ្តាប្រទេសអាស៊ាន ដៃគូសន្ទនាអាស៊ាន និងប្រទេស អ្នកសង្កេតការណ៍ ព្រមទាំងតំណាង មកពីអង្គការអន្តរជាតិជាច្រើន ដូចជាអង្គការ សហប្រជាជាតិជាដើម ។

ចាប់តាំងពីបានបង្កើត ទំនាក់ទំនងសហប្រតិបត្តិការ ទ្វេភាគីមក ភាគីទាំងពីរចិននិងអាស៊ាន បានធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងស៊ីជម្រៅក្នុងគ្រប់វិស័យ ដូចជាពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ ការផ្លាស់ប្តូរ រវាងប្រជាជន និងប្រជាជន និងកិច្ចកសាងហេដ្ឋារចនាសម្ព័ន្ធជាដើម ដែលទទួលបានការវិវឌ្ឍរីកចម្រើន ដ៏វិជ្ជមាន ។ ប្រទេសចិន សម្ព័ន្ធអាស៊ាន និងប្រទេសជារដ្ឋសមាជិកអាស៊ាន ចំនួន ១០ សុទ្ធតែបានចុះហត្ថលេខា ហើយបានអនុវត្តឯកសារ សហប្រតិបត្តិការ ស្តីពីការរួមគ្នាកសាង”ខ្សែក្រវាត់និងផ្លូវ” ហេតុនេះហើយ កិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ រវាងចិននិងអាស៊ាន បានឈានចូលគន្លងល្បឿនលឿន ។
ទីមួយ ការប្រាស្រ័យទាក់ទង ខាងសេដ្ឋកិច្ចនិងពាណិជ្ជកម្មមានភាពកាន់តែស្អិតល្មួត ពីមួយថ្ងៃទៅមួយថ្ងៃ ។ ចាប់តាំងពីឆ្នាំ ២០១៣ មក ល្បឿនកំណើននៃពាណិជ្ជកម្ម រវាងចិននិងអាស៊ាន គិតជាមធ្យមក្នុងមួយឆ្នាំ បានកើនឡើង ៧,៥ ភាគរយ ទំហំពាណិជ្ជកម្មទ្វេភាគីក្នុងឆ្នាំ ២០២៣ បានឡើងដល់៩១ ម៉ឺន ១ ពាន់ ៧ រយ លានដុល្លារអាមេរិក ។ ដោយឡែកប្រទេសចិន បានរក្សាឋានៈជាដៃគូពាណិជ្ជកម្មធំទីមួយ របស់អាស៊ាន ក្នុងរយៈពេល ១៥ ឆ្នាំជាប់ៗគ្នា ចំណែកអាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំទីមួយ របស់ប្រទេសចិន ក្នុងរយៈពេល ៤ ឆ្នាំជាប់ៗគ្នា ។ ចាប់ពីខែ មករាដល់ ខែកក្កដា ឆ្នាំនេះ ទំហំពាណិជ្ជកម្មទ្វេភាគី រវាងចិន និងអាស៊ាន បានឡើងដល់ ៥ សែន ៥ ម៉ឺន ២ ពាន់ លានដុល្លារអាមេរិកដែលកើនឡើង ៧,៧ ភាគរយបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ គឺត្រូវជា ១៥,៨ ភាគរយនៃទំហំនាំចេញ នាំចូលសរុបខាងពាណិជ្ជកម្ម ជាមួយបរទេសរបស់ប្រទេសចិន ក្នុងរយៈពេលដូចគ្នា ។

ទីពីរ កិច្ចសហប្រតិបត្តិការផ្នែកវិនិយោគត្រូវបានលើកកម្ពស់ ជាលំដាប់ ។ គិតមកដល់ខែកក្កដា ឆ្នាំ២០២៤ ទំហំវិនិយោគទៅវិញទៅមក រវាងចិននិងប្រទសអាស៊ាន មានចំនួន លើសពី ៤០០ ពាន់លានដុល្លារអាមេរិក ហើយទំហំអាជីវកម្ម នៃគម្រោងតាមកិច្ចសន្យា ដែលសហគ្រាសចិន បានទទួលម៉ៅការសាងសង់នៅប្រទេសអាស៊ាន មានចំនួនលើសពី ៤៤០ ពាន់លានដុល្លារអាមេរិក ។
ទីបី ជំរុញដំណើរសមាហរណកម្ម សេដ្ឋកិច្ចក្នុងតំបន់ ឱ្យមានប្រសិទ្ធភាពជាមួយគ្នា ។ «កិច្ចព្រមព្រៀងទំនាក់ទំនង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយ ក្នុងតំបន់» (ហៅកាត់ថា RCEP )ត្រូវបានអនុវត្តប្រកប ដោយគុណភាពខ្ពស់ ការចរចា ស្តីពីតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ានកំណែ 3.0 ត្រូវបានពន្លៀន ការរៀបចំចាត់ចែង តំបន់ ពាណិជ្ជកម្មសេរីចិន–កម្ពុជា និងចិន-សិង្ហបុរី ជាដើមបំពេញ បន្ថែមកម្លាំងចលករ ភាគលាភ នៃកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី ពហុភាគី និងទ្វេភាគីត្រូវបានបញ្ចេញជាបន្តបន្ទាប់ ហើយកម្រិតសេរីភាពនិងភាព ងាយស្រួលខាងការធ្វើពាណិជ្ជកម្ម និងវិនិយោគត្រូវបានលើក កម្ពស់ថែមមួយកម្រិតទៀត ។
អ្នកជំនាញសម្គាល់ឃើញថា បច្ចុប្បន្ននេះ ការប្រាស្រ័យទាក់ទងខាងសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងចិន និងអាស៊ានទទួលការរីកចម្រើន យ៉ាងឆាប់រហ័ស ហើយកិច្ច សហប្រតិបត្តិការ រវាងភាគីទាំងពីរ មានអនាគតគួរឱ្យរំពឹងទុក ។ កិច្ចសហប្រតិបតិ្តការផ្នែក ខ្សែសង្វាក់ឧស្សាហកម្ម និងខ្សែសង្វាក់ ផ្គត់ផ្គង់ រវាងភាគីទាំងពីរ បានបង្ហាញ ឱ្យឃើញនូវភាពធន់យ៉ាងខ្លាំងបង្គួរ ពីវិស័យប្រពៃណី ដល់វិស័យងើបឡើងថ្មី ដូចជាឌីជីថល និងបៃតងជាដើម កិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យ រវាងចិននិងអាស៊ាន កំពុងធ្វើឱ្យស៊ីជម្រៅ និងលើកកម្ពស់ លំដាប់ថ្នាក់ថែមមួយកម្រិតទៀត ជាពិសេសកិច្ច សហប្រតិបត្តិការ ក្នុងវិស័យឧស្សាហកម្មដែលងើបឡើងថ្មី ដូចជារថយន្តអគ្គិសនី ជាដើមមានអនាគតគួរឱ្យរំពឹងទុក ហើយបានបង្កើតជាប្រសិទ្ធភាព នៃការពង្រីកទៅខាងក្រៅ និងជាគំរូដ៏វិជ្ជមាន ។
នៅក្នុងកិច្ចប្រជុំ ស្តីពីការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ ខាងឧស្សាហកម្មរថយន្តអគ្គិសនីចិន -អាស៊ាន ដែលប្រារព្ធធ្វើនាពេលថ្មីៗកន្លងទៅនេះ លោកស្រី Liu Xin អគ្គលេខាធិការនៃគណៈកម្មាធិការសហប្រតិបត្តិការខាងឧស្សាហកម្ម RCEP (RICC) បានថ្លែងថា កិច្ចសហប្រតិបត្តិការ លើវិស័យឧស្សាហកម្ម រថយន្ត អគ្គិសនី រវាងចិន និងប្រទេសអាស៊ាន មានភាពបំពេញ បន្ថែមគ្នាយ៉ាងខ្លាំង ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងចំណោមគំនិតឯកភាពរួម អំពីកិច្ច សហប្រតិបត្តិការ ពហុភាគីនិងទ្វេភាគី ដែលសម្រេចបាន ដោយប្រទេសចិន សម្ព័ន្ធអាស៊ាននិងប្រទេស ជារដ្ឋសមាជិកអាស៊ាន សុទ្ធតែមានខ្លឹមសារ ពាក់ព័ន្ធ នឹងការជំរុញ កិច្ចសហប្រតិបត្តិការ ក្នុងវិស័យថាមពលថ្មី ។
ទីផ្សារ បរិយាកាស ឧស្សាហកម្ម និងគោលនយោបាយដ៏ល្អប្រសើរ បានជំរុញឱ្យអាស៊ាន ក្លាយជាទីផ្សារមួយដែលមានកំណើន លឿនបំផុត នៃឧស្សាហកម្មរថយន្ត ថាមពលថ្មី នៅទូទាំងពិភពលោក ហើយក៏បានក្លាយ ជាទីផ្សារដ៏សំខាន់ សម្រាប់ការនាំចេញ រថយន្តថាមពលថ្មីរបស់ចិន និងការវិនិយោគ នៅបរទេសផងដែរ ។ ក្នុងរយៈពេលប៉ុន្មាន ឆ្នាំចុងក្រោយនេះ សហគ្រាសរថយន្តអគ្គិសនីរបស់ចិនដែលរួមមាន Geely BYD Changan ជាដើមបាននាំគ្នាពន្លឿន ការបង្កើតរចនាសម័្ពន្ធខាង វិនិយោគនៅក្នុងប្រទេសអាស៊ាន ។
សូមយកប្រទេសកម្ពុជាជាឧទាហរណ៍ ឧស្សាហកម្មរថយន្តអគ្គិសនី របស់កម្ពុជា កំពុងស្ថិតក្នុងដំណាក់កាល អភិវឌ្ឍន៍បឋមដែលមានអនាគតយ៉ាង ទូលំទូលាយ ។ តាមរបាយការណ៍ដែលចេញផ្សាយ ដោយក្រសួងសាធារណការ និង ដឹកជញ្ជូនកម្ពុជា បានបង្ហាញឱ្យឃើញថា គិតមកទល់ខែមិថុនា ឆ្នាំ ២០២៤ បរិមាណសរុបនៃរថយន្តអគ្គិសនីដែលបានចុះបញ្ជីក្នុងប្រទេសខ្លួនមានចំនួន ១៦១៤ គ្រឿងដែលម៉ាកយីហោសំខាន់ៗរួមមាន BYD Tesla HongQi Wuling ជាដើម តាមការប៉ាន់ប្រមាណ រថយន្តអគ្គិសនីដែលបើកបរតាមផ្លូវថ្នល់ នឹងមានចំនួន ៤០ ភាគរយនៅឆ្នាំ ២០៥០ ។ កាលពីខែកក្កដា ឆ្នាំនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានបង្ហោះសារនៅលើបណ្តាញទំនាក់ទំនងសង្គមដោយបង្ហើបឱ្យដឹងថា ក្រុមហ៊ុន BYD គ្រោងនឹងធ្វើវិនិយោគ សាងសង់រោងចក្រនៅកម្ពុជា ។ មន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុកម្ពុជាបានថ្លែងថា ប៉ុន្មានឆ្នាំចុងក្រោយនេះ កម្ពុជាបាននិង កំពុងពន្លឿន ការអភិវឌ្ឍ ឧស្សាហកម្មរថយន្តអគ្គិសនី ដោយរំពឹងទុកថា ម៉ាករថយន្តដើរ ដោយថាមពលថ្មីរបស់ចិន កាន់តែច្រើនឡើងៗ នឹងចូលក្នុង ទីផ្សារកម្ពុជា ដើម្បីនាំយកនូវបទពិសោធថ្មី ក្នុងការធ្វើដំណើរបៃតង ជូនដល់ប្រជាជនកម្ពុជា ។
តាមទិន្នន័យស្ថិតិ នៃសហព័ន្ធឧស្សាហកម្មថៃ (FTI) បង្ហាញឱ្យឃើញថា នៅឆមាសទី ១ ឆ្នាំនេះ ចំនួនស្លាកលេខ នៃរថយន្តអគ្គិសនី សុទ្ធនៅប្រទេសថៃ បានកើនឡើង ១០,៤ ដងបើប្រៀបធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ ២០២៣ ដែលមានចំនួនដល់ទៅ ៣១៦៤៨ គ្រឿងក្នុងនោះ មាន ៨៥ ភាគរយ គឺជាម៉ាករថយន្តអគ្គិសនី របស់ចិន ។
ប្រធានសមាគមន៍ រថយន្តអគ្គិសនីសិង្ហបុរីរំពឹងថា អាចទទួលបានបទពិសោធពាក់ព័ន្ធពី ការអភិវឌ្ឍឧស្សាហកម្មរថយន្តអគ្គិសនី របស់ប្រទេសចិន ហើយនឹងបង្កើនកិច្ច សហប្រតិបត្តិការ រវាងប្រទេសសិង្ហបុរីនិងក្រុមហ៊ុនផលិត ឧស្សាហកម្មរថយន្តអគ្គិសនីរបស់ចិន ដូចជាទូរសាកថ្ម និងអាគុយជាដើម ។
នាពេលបច្ចុប្បន្ននេះ អាស៊ាន បានក្លាយជាគោលដៅពេញនិយមបំផុតមួយ សម្រាប់ការនាំចេញរថយន្តដើរ ដោយថាមពលថ្មី របស់ប្រទេសចិន ។ អ្វីដែលគួរឱ្យកត់សម្គាល់ គឺ ម៉ាករថយន្តរបស់ចិនក៏កំពុងជំរុញយ៉ាងខ្លាំង នូវការធ្វើផលិតកម្មនៅក្នុងប្រទេស អាស៊ានផងដែរ ។ លោក Xu Haidong អគ្គវិស្វកររង នៃសមាគមន៍ ឧស្សាហកម្មរថយន្តចិន បានលើកឡើងថា “ស្របពេលដែលបរិមាណ នាំចេញរថយន្តរបស់ប្រទេសចិន បានកើនឡើង ជាបន្តបន្ទាប់ ការវិនិយោគដោយផ្ទាល់ នៅបរទេសក៏នឹងឈានចូល ដំណាក់កាលអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សដែរ ។ សហគ្រាសផលិត រថយន្តរបស់ចិន កាន់តែច្រើនឡើងៗ កំពុងចូលក្នុងទីផ្សារអាស៊ាន យ៉ាងសកម្មដើម្បីវិនិយោគ លើការសាងសង់រោងចក្រ” ។
គួររំលឹកផងដែរថា «កិច្ចព្រមព្រៀង ទំនាក់ទំនងភាពជាដៃ គូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់»(ហៅកាត់ថា RCEP ) បានចូលជាធរមានដោយគ្រប់ជ្រុង ជ្រោយនៅប្រទេស ជារដ្ឋសមាជិក អាស៊ានចំនួន ១៥ កាលពីខែមិថុនា ឆ្នាំនេះដែលនឹងផ្តល់ឱកាសថ្មី និងបំផុសកម្លាំងចលករថ្មី នៃការអភិវឌ្ឍ សម្រាប់ការ ធ្វើឱ្យស៊ីជម្រៅ នូវកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និង ពាណិជ្ជកម្មរវាងចិននិងអាស៊ាន ។ នៅពេលដែលប្រទេសចិននិងអាស៊ាន ប្រមូលផ្តុំនូវគំនិត ឯកភាពរួម និងពួតដៃគ្នា ដើម្បីជំរុញកិច្ចកសាងសហគមន៍ រួមវាសនារវាងចិន និងអាស៊ាន ផ្លូវដែលរថយន្ត ថាមពលថ្មីរបស់ចិន ចូលក្នុងទីផ្សារ អាស៊ាននឹងមានភាពកាន់តែរាបស្មើ ហើយឧស្សាហកម្ម រថយន្តអគ្គិសនី នៅក្នុងតំបន់អាស៊ានក៏នឹងទទួល បានការអភិវឌ្ឍ កាន់តែល្អប្រសើរ និងកាន់តែលឿនផងដែរ ៕
