ព័ត៌មានអន្តរជាតិ

ក្រុងគៀវ បានធ្វើការបណ្តុះបណ្តាល កងកម្លាំងយោធាឧទ្ទាមប្រយុទ្ធ របស់ប្រទេសម៉ាលី

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មានចេញពីកាសែតបារាំង Le Monde បានរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ថា ទីភ្នាក់ងារចារកម្មអ៊ុយក្រែនបានកំពុង ចែករំលែកបច្ចេកទេសធ្វើសង្គ្រាម ដោយយន្តហោះគ្មានមនុស្សបើក ជាមួយក្រុមឧទ្ទាមនៅក្នុងប្រទេសម៉ាលី ដើម្បីជួយពួកគេសម្លាប់ក្រុមហ៊ុន អ្នកម៉ៅការផ្នែកសន្តិសុខរបស់រុស្ស៊ី ដែលកំពុងប្រយុទ្ធដើម្បីរដ្ឋាភិបាលដឹកនាំ ដោយយោធារបស់ប្រទេសអាហ្វ្រិកមួយនេះ។

ការលាតត្រដាងអំពីកិច្ចសហប្រតិបត្តិការ រវាងទីភ្នាក់ងារស៊ើបការណ៍យោធា HUR របស់ទីក្រុងគៀវ និងក្របខ័ណ្ឌយុទ្ធសាស្ត្រ សម្រាប់ការពារប្រជាជន Azawad (CSP-DPA) ដែលជាសម្ព័ន្ធនៃកងកម្លាំងសកម្មប្រយុទ្ធ Tuareg ដែលមានមូលដ្ឋាន នៅភាគខាងជើងប្រទេសម៉ាលី។

យោងតាមប្រភពដដែលបានឱ្យដឹងដែរថា រដ្ឋាភិបាលនៅក្នុងតំបន់ Bamako ប្រើប្រាស់សេវាកម្មរបស់ក្រុមហ៊ុនយោធាឯកជន Wagner ហើយអ៊ុយក្រែនបានសម្រេចចិត្តចូលរួម ក្នុងការប្រយុទ្ធដើម្បីកំណត់គោលដៅ បុគ្គលិកជនជាតិរុស្ស៊ី ដោយប្រើកងកម្លាំង Tuareg ជាអ្នកតំណាង។

ប្រភព Le Monde ដែលប្រភពស្ថិតនៅក្នុងចំណោមក្រុមឧទ្ទាម និងក្នុងប្រទេសអ៊ុយក្រែន បាននិយាយថា កិច្ចសហប្រតិបត្តិការរវាង HUR និង CSP-DPA បានចាប់ផ្តើមនៅដើមឆ្នាំ២០២៤ បន្ទាប់ពីកងទ័ពម៉ាលីបាន បណ្តេញពួកឧទ្ទាមចេញពីទីក្រុង Kidal ក្នុងខែវិច្ឆិកា ឆ្នាំ ២០២៣។

គួរឲ្យដឹងដែរថា ក្នុងនោះផងដែរក្រុមសកម្មប្រយុទ្ធ Tuareg ជាច្រើននាក់បានធ្វើដំណើរ ទៅកាន់ប្រទេសអ៊ុយក្រែន ហើយបានរៀនពីរបៀបប្រមូលផ្តុំ និងប្រតិបត្តិការយន្តហោះគ្មានមនុស្សបើកតូចៗ ដែលបានក្លាយជាធាតុសំខាន់ នៃជម្លោះរុស្ស៊ី-អ៊ុយក្រែន៕

ប្រែសម្រួល៖ ស៊ុន លី

To Top