ព័ត៌មានអន្តរជាតិ

រុស្ស៊ី ប្រកាសបង្ហាញអំពីផែនការជំនួប រវាងមេដឹកនាំប្រទេសដែលមាន នុយក្លេអ៊ែរធំៗទាំង៥ នៅក្នុងទីក្រុងញូវយ៉ក

RT News

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Ryabkov បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសដែលមានអាវុធនុយក្លេអ៊ែរ ឈានមុខគេទាំង៥ របស់ពិភពលោកត្រូវបានគេរំពឹងថា នឹងរៀបចំកិច្ចប្រជុំធំមួយ នៅទីក្រុងញូវយ៉កនៅចុងខែនេះ។

ទម្រង់ប្រជុំដែលត្រូវបានគេដាក់ឈ្មោះ The Nuclear Five ក្រៅផ្លូវការគឺជាការប្រមូលផ្តុំសមាជិកអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលមានរួមមានប្រទេសរុស្ស៊ី ចិន សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងបារាំង ។

ប្រទេសទាំង៥នេះក៏ត្រូវបានគេស្គាល់ដែរថា P5 ហើយលោក Ryabkov បានកត់សម្គាល់ថា តួនាទីជាប្រធានបង្វិលនៃ P5 នឹងត្រូវផ្ទេរពីទីក្រុងមូស្គូទៅកាន់ទីក្រុងប៉េកាំងឆាប់ៗនេះ។

មន្ត្រីជាន់ខ្ពស់រូបនេះក៏បានលើកឡើងដែរថា យើងសូមជូនពរឱ្យប្រទេសចិនទទួលបាន ជោគជ័យក្នុងគ្រាដ៏លំបាកនេះ។ ពួកគេអាចពឹងផ្អែកលើការគាំទ្ររបស់យើង ហើយយើងសង្ឃឹមថា អ្នកចូលរួមទាំងបីលោកខាងលិចក្នុងទម្រង់នេះ នឹងមានឥរិយាបទយ៉ាងហោចណាស់ ក្នុងន័យស្ថាបនាបន្ថែមទៀត។

លោក Ryabkov បាននិយាយថា ការពិភាក្សារបស់ក្រុមនេះនឹងធ្វើឡើង ក្នុងសម័យប្រជុំនៃគណៈកម្មាធិការទីមួយនៃ មហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាស្ថាប័នទទួលបន្ទុកលើ បញ្ហាការរំសាយអាវុធ និងសន្តិសុខអន្តរជាតិ៕

ប្រែសម្រួល៖ ស៊ុន លី

To Top