ព័ត៌មានអន្តរជាតិ

ក្រុមហាម៉ាស់ បញ្ជាក់ពីការបើកចំហ ចំពោះកិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់ អចិន្ត្រៃយ៍នៅតំបន់ហ្គាហ្សា

Xinhua

ហ្គាហ្សា៖ ក្រុមហាម៉ាស់ បានសម្តែងការបើកចំហរបស់ខ្លួន ចំពោះកិច្ចព្រមព្រៀង ឬគំនិតណាមួយ សម្រាប់ការបង្កើតបទឈប់ បាញ់ជាអចិន្ត្រៃយ៍ នៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។

លោក Sami Abu Zuhri មន្ត្រីជាន់ខ្ពស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសុន្ទរកថា តាមទូរទស្សន៍ថា ចលនាបើកចំហ ចំពោះកិច្ចព្រមព្រៀង ឬគំនិតណាមួយ ដែលនឹងបញ្ចប់ការឈឺចាប់ របស់ប្រជាជននៅតំបន់ហ្គាហ្សា និងបង្កើតបទឈប់បាញ់ ជាអចិន្ត្រៃយ៍ ។

លោក Abu Zuhri បានបន្ថែមថា កិច្ចព្រមព្រៀង ឬគំនិតគួររួមបញ្ចូល ការដកកងទ័ពអ៊ីស្រាអែល ចេញពីតំបន់ហ្គាហ្សា ទាំងមូល ការដកការបិទផ្លូវ និងការផ្តល់ជំនួយសង្គ្រោះ និងទីជម្រកសម្រាប់ប្រជាជន ក៏ដូចជាការកសាងឡើងវិញ និងកិច្ចព្រមព្រៀង ដោះដូរអ្នកទោស។

លោក​បាន​បន្ថែម​ថា ចលនា​បាន​ឆ្លើយ​តប​នឹង​សំណើ របស់​អ្នក​សម្រុះសម្រួល​ ដើម្បី​ពិភាក្សា​លើ​សំណើ​ថ្មី​ទាក់​ទង​នឹង​បទ​ឈប់​បាញ់​និង​ការ​ផ្លាស់ ​ប្តូរ​អ្នក​ទោស ។  មន្ត្រីក្រុមហាម៉ាស់ បានកត់សម្គាល់ថា ក្រុមរបស់លោកបានប្រជុំមួយ ចំនួនរួចហើយលើ ប្រធានបទនេះ ហើយកិច្ចប្រជុំបន្ថែម នឹងបន្តបន្ទាប់ទៀត។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីអេហ្ស៊ីប លោក អាប់ឌែល ហ្វាតា អាល់ស៊ីស៊ី បានប្រកាសសំណើ សុំបទឈប់បាញ់ រយៈពេលពីរថ្ងៃនៅហ្គាហ្សា ដើម្បីផ្លាស់ប្តូរចំណាប់ខ្មាំង អ៊ីស្រាអែល ៤ នាក់សម្រាប់អ្នកទោសប៉ាឡេស្ទីន ជាមួយនឹងផែនការ សម្រាប់ការចរចាក្នុងរយៈពេលដប់ថ្ងៃដើម្បីធ្វើការឆ្ពោះ ទៅរកបទឈប់បាញ់ជាអចិន្ត្រៃយ៍៕
ប្រែសម្រួល ឈូក បូរ៉ា

To Top