ភ្នំពេញ ៖ លោក Marcos Athias Neto ឧបការីអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និងជាជំនួយការប្រធានកម្មវិធី អភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បានកោតសរសើរយ៉ាងខ្លាំងចំពោះតួនាទី សកម្មរបស់កម្ពុជាក្នុងការឆ្លើយតបនឹង ការប្រែប្រួលអាកាសធាតុ #ClimateAction។
ជាមួយគ្នានេះ លោកឧបការីអគ្គលេខាធិការUN បានលើកឡើងថា កម្ពុជាគឺជាដៃគូដែលអាចទុកចិត្តបាន ហើយអង្គការ UNDP ប្តេជ្ញាគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីសម្រេចបាននូវមហិច្ឆតា អាកាសធាតុរបស់ប្រទេស។
សូមបញ្ជាក់ថា លោក Marcos Athias Neto បានត្រូវបានអនុញ្ញាតជួបពិភាក្សាការងារជាមួយ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្នុងអំឡុងសន្និសីទបណ្តាភាគីលើកទី២៩ UNFCCC នាទីក្រុងបាគូ ប្រទេសអាសែបៃហ្សង់ នាទីក្រុងបាគូ ប្រទេសអាស៊ែរបៃស្សង់។
លោករដ្ឋមន្ត្រី បានលើកឡើងថា UNDP គឺជាដៃគូដែមិនអាចខ្វះបានសម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍន៍ជាពិសេស កិច្ចការពារបរិស្ថាននិង ធនធានធម្មជាតិ ជាពិសេសជួយលើកកម្ពស់ជីវភាព របស់សហគមន៍មូលដ្ឋាន។
លោករដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជាបានរៀបចំគោលនយោបាយ ផែនការយុទ្ធសាស្ត្រ និងវិស័យអទិភាពក្នុងការឆ្លើយតប ការប្រែប្រួលអាកាសធាតុ ក្រសួងបរិស្ថានបាននិងកំពុងអនុវត្ត នូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ដោយផ្តោតលើក «ភាពស្អាត ភាពបៃតង និងចីរភាព» និងបានរៀបចំគំនិតផ្តួចផ្តើម ដើម្បីធ្វើឱ្យទន្លេសាបស្អាត ធានាបានចីរភាពបរិស្ថាន និងការត្រៀមខ្លួនដើម្បីការធ្វើពានិជ្ជកម្មឥណទានកាបូន ដោយសារកម្ពុជាបានប្រកាសដាក់ឱ្យប្រើប្រាស់ រួចមកហើយ នូវវិធានប្រតិបត្តិនៃមាត្រា៦ នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ និងការរៀបចំរបាយការណ៍រួមចំណែកជាតិ NDC3.0។
លោក Marcos Neto បានកោតសរសើរនូវ លទ្ធផលសម្រេចជោគជ័យ ក្នុងការងារការពារធនធានធម្មជាតិ និងកិច្ចការពារបរិស្ថាន កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ UNDP បាននឹងកំពុងសិក្សាលទ្ធភាព នៃការរៀបចំគម្រោងជាច្រើន សម្រាប់គាំទ្រកម្ពុជាតាមរយៈ មូលនិធិអាកាសធាតុបៃតង GCF និង Forest Fund Facility តាមរយៈកម្មវិធីផ្អែកលើលទ្ធផល (RBP) និងUNDP នឹងចូលរួមគាំទ្រក្នុងការរៀបចំ របាយការណ៍រួមចំណែកជាតិ NDC3.0 របស់កម្ពុជាផងដែរ ៕