ព័ត៌មានអន្តរជាតិ

លោក Erdogan ធ្វើការសន្យាថ្មីមួយ ជាមួយនឹងលោក Putin

RT News

បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីតួគីលោក Recep Tayyip Erdogan បានសន្យាថានឹងបង្កើន លំហូរពាណិជ្ជកម្មរវាងប្រទេសតួគី និងរុស្ស៊ីបន្ទាប់ពីការសន្ទនា តាមទូរស័ព្ទជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃអាទិត្យ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយ បន្ទាប់ពីការហៅទូរស័ព្ទ ការិយាល័យរបស់លោក Erdogan បាននិយាយថា លោក និងលោក Putin បានពិភាក្សាអំពីទំនាក់ទំនងទ្វេភាគីតួគី-រុស្ស៊ី ក៏ដូចជាបញ្ហាក្នុងតំបន់ និងពិភពលោកផងដែរ។

ក្នុងនោះដែរលោក Erdogan បានបញ្ជាក់ថា លោកមានគោលបំណងបន្តកិច្ចសហប្រតិបត្តិការរវាងតួគី និងរុស្ស៊ីក្នុងវិស័យជាច្រើនជាពិសេសតាមរយៈការពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរផ្ទាល់តែម្តង។

គួរឲ្យដឹងដែរថាវិមានក្រឹមឡាំងបានចេញសេចក្តីថ្លែងការណ៍ស្រដៀងគ្នានេះដោយបញ្ជាក់ថាលោក Erdogan និងលោក Putin បាននិយាយអំពីប្រធានបទអន្តរជាតិ មួយចំនួនហើយបានដាក់ ការសង្កត់ធ្ងន់លើការបង្កើនប្រសិទ្ធភាព នៃកិច្ចសហប្រតិបត្តិ ការពាណិជ្ជកម្មនិងសេដ្ឋកិច្ច ។

យ៉ាងណាក្តីទោះបីជាប្រទេសតួគី គឺជាសមាជិកនៃប្លុក NATO ដឹកនាំដោយសហរដ្ឋអាមេរិក និងជាសមាជិកដែលប្រាថ្នាចង់ បានរបស់ EU ក៏ដោយក៏លោក Erdogan បានអនុម័តគោលនយោបាយ អព្យាក្រឹតភាពលើជម្លោះអ៊ុយក្រែន។

បន្ថែមពីលើការធ្វើជាម្ចាស់ផ្ទះ កិច្ចចរចាសន្តិភាព ក្នុងឆ្នាំ២០២២ប្រទេសតួគី បានគាំទ្រគំនិតផ្តួចផ្តើមគ្រាប់ធញ្ញជាតិ សមុទ្រខ្មៅដែលធ្លាប់ជាប់គាំង ហើយបានបដិសេធសំណើ របស់សហរដ្ឋអាមេរិក ក្នុងការដាក់ទណ្ឌកម្ម សេដ្ឋកិច្ចលើទីក្រុងមូស្គូទៀតផង៕

ប្រែសម្រួល៖ស៊ុនលី

To Top