ស្វាយរៀង ៖ លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង តំណាងលោកហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និនិងលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត បានអញ្ជេីញដឹកនាំក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្តមន្ទីរ សុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀង ចុះពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋ នៅឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង ចំនួន៥,២៣៥នាក់ ក្នុងនោះស្ត្រី៣,៦១២នាក់ ដែលជាការគិតគូរ និងឧបត្ថម្ភគាំទ្រថ្នាំពេទ្យរបស់លោក ហ៊ុន ម៉ានី ប្រធានកិត្តិយសក្រុមគ្រូពេទ្យស្ម័គ្រចិត្ត។
លោកវេជ្ជបណ្ឌិត គុជ ស៊ីថា បានឲ្យដឹងថា ថ្ងៃនេះក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី និងក្រុមគ្រូពេទ្យស្ម័គ្រចិត្ត មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តស្វាយរៀងចំនួន ៣៥៤នាក់ ក្នុងនោះស្ត្រី១២០នាក់ បានសហការជាមួយអាជ្ញាធរដែនដី និងសហភាពសហព័ន្ធយុវជនកម្ពុជា សិស្សានុសិស្ស បានចុះអប់រំផ្សព្វផ្សាយ វគ្គសង្គ្រោះបឋម ព្រមទាំងពិនិត្យ សុខភាពនិងចែកថ្នាំពេទ្យជូនប្រជាពលរដ្ឋ ផ្តល់សេវាដោយឥតគិតថ្លៃ នៅ វត្តបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀងបានចំនួនសរុប៥,២៣៥នាក់ ស្រី៣,៦១២នាក់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានកិត្តិយស ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត លោកហ៊ុន ម៉ានី។
លោកវេជ្ជបណ្ឌិតបានបន្តថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានី បានពិនិត្យនិងព្យាបាលជំងឺរួមមាន៖ ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឬដូងបាត ជំងឺសួត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺសើស្បែក ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺរលាកថ្លើម ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម ជំងឺភ្នែក សុខភាពមាត់ធ្មេញ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺត្រចៀក ច្រមុះ បំពង់ក ជំងឺកម្រងនោម អេកូសាស្ត្រ ម៉ាស៊ីនផ្លុំរក មេរោគក្រពះតាមរយះខ្យល់ដង្ហើម វាស់ចង្វាក់បេះដូង មន្ទីរពិសោធន៍ (វិភាគឈាម) វះកាត់តូចនិងព្យាបាលរបួសជាដើម។
លោកវេជ្ជបណ្ឌិតគុជ សុីថាបានគូសបញ្ជាក់ថាក្នុងខេត្តស្វាយរៀង ក្រុមគ្រូពេទ្យស្ម័គ្រចិត្តហ៊ុន ម៉ានីបានពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋចំនួន ៦៩ លើក សរុបមានប្រជាពលរដ្ឋចូលរួមចំនួន៥៧៨.៤១២នាក់ ក្នុងនោះស្ត្រីមានចំនួន ៣០៣.៧៩៨នាក់។
លោកលេង ផាលី បានថ្លែងថា ក្រុមការងារ គ្រូពេទ្យស្ម័គ្រចិត្ត លោកហ៊ុន ម៉ានី បានចុះពិនិត្យនិងព្យាបាលជំងឺ ជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូន ប្រជាពលរដ្ឋ ក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយ ណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។
លោកប៉េង ពោធិ៍សា អភិបាល ខេត្តស្វាយរៀង បានថ្លែងថា ក្នុងនាមរដ្ឋបាលខេត្ត សូមថ្លែងអំណរគុណ ចំពោះក្រុមគ្រូ ពេទ្យស្ម័គ្រចិត្ត ហ៊ុន ម៉ានី ដែលបានចុះមកពិនិត្យ និងព្យាបាល ជំងឺជូនប្រជាពលរដ្ឋនៅស្រុកស្វាយជ្រំ ដោយឥតគិតថ្លៃ នាពេលនេះ ដែលបានបញ្ជាក់ឲ្យឃើញថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តលោកហ៊ុន ម៉ានី តែងតែចុះព្យាបាលជំងឺជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ដើម្បីលើកម្ពស់ សុខមាលភាព ជូនប្រជាពលរដ្ឋ ឲ្យកាន់តែល្អប្រសើរ នៅតាមមូលដ្ឋាន ហើយបានរួមចំណែក ជាមួយរដ្ឋាភិបាល ក្នុងការចូលរួម កាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋ តាមរយៈការផ្ដល់សេវា សុខាភិបាល ដោយឥតគិតថ្លៃនេះផងដែរ ៕