ព័ត៌មានជាតិ

ឧកញ៉ាបណ្ឌិត កែវ មុំ ផ្ញើសារអបអរសាទរជូន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងឱកាសទទួល “ពានរង្វាន់សន្តិភាព ដើម្បីមនុស្សជាតិ​ និងភពផែនដី”

ភ្នំពេញ៖ ឧកញ៉ាបណ្ឌិត កែវ មុំ ប្រធានសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិក សមាជិកា នៃសភាមុខរបរ និងមីក្រូសហគ្រាសកម្ពុជា សូមចូលរួមសម្ដែងអំណរសាទរ ប្រកបដោយសេចក្ដីសោមនស្សរីករាយក្រៃលែង នៅក្នុងឱកាស សម្ដេចអគ្គមហាសេនាបតីតេជោ ទទួលបានពាន់រង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ពីមេដឹកនាំនៃអន្តរសភា ដើម្បីការអត់ឱននិងសន្តិភាព (IPTP)។

អស់រយៈពេលជាច្រើនទសត្សរ៍កន្លងមករហូតដល់បច្ចុប្បន្ននេះ សម្ដេចតេជោ តែងបានយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី តស៊ូពុះពារជម្នះរាល់ឧបសគ្គ និងការលំបាកគ្រប់បែបយ៉ាង ដើម្បីបុព្វហេតុជាតិ និងប្រជាជន ដោយបាននាំមកនូវសន្តិភាពពេញបរិបូរណ៍ និងជាស្ថាបនិក ដែលបានប្រែក្លាយកម្ពុជា ពីប្រទេស ធ្លាប់ញាំញី និងខ្ទេចខ្ទាំដោយភ្លើងសង្គ្រាម ទៅជារដ្ឋអធិបតេយ្យមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ។

ការទទួលបានពាន់រង្វាន់សន្តិភាពដើម្បីមនុស្សជាតិ និងភពផែនដី ដ៏ឧត្តុងឧត្តមនេះ ពិតជាឆ្លុះបញ្ចាំងនូវគុណបំណាច់មិនអាចកាត់ថ្លៃបានដែលកើតចេញពីស្មារតី ឆន្ទៈ ការប្តេជ្ញាចិត្ត និងការលះបង់ដ៏ធំធេងរបស់ សម្ដេចតេជោ ក្នុងតួនាទីស្នូលនៃការកសាង និងថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ ឯកភាពជាតិ ការអភិវឌ្ឍន៍ និងការលើកកម្ពស់កិត្យានុភាពជាតិស្មើមុខស្មើមាត់លើឆាកអន្តរជាតិ ក្រោមមគ្គុទេសក៍ប្រកបដោយគតិបណ្ឌិត និងទស្សនវិស័យវែងឆ្ងាយរបស់ សម្ដេចតេជោ។

ស្ថិតក្នុងឱកាសដ៏វិសេសវិសាលនេះ យើងខ្ញុំទាំងអស់គ្នា សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរសួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរគ្រប់ប្រការជូន សម្ដេចតេជោ ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារ ជាទីគោរពស្រឡាញ់ សូមបានសមប្រកបនឹងពុទ្ធពរទាំង ៤ ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូម សម្ដេចតេជោ ប្រធានព្រឹទ្ធសភា មេត្តាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់បំផុតរបស់យើងខ្ញុំទាំងអស់គ្នា៕

To Top