តូក្យូ៖ ប្រភពរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនបានចាប់ផ្តើមបង្កើតយុទ្ធសាស្រ្តមួយ ដើម្បីពង្រឹងឧស្សាហកម្មការពារជាតិរបស់ខ្លួន និងលើកកម្ពស់ការនាំចេញឧបករណ៍ ដោយសង្ឃឹមថានឹងដាក់ចេញនូវ គោលដៅរយៈពេលមធ្យមដល់រយៈពេលវែង សម្រាប់វិស័យដែលតស៊ូជាមួយនឹងទំហំទីផ្សារតូច និងបញ្ហាប្រឈមផ្សេងៗទៀត។
អ្វីដែលហៅថាយុទ្ធសាស្ត្រឧស្សាហកម្ម ការពារជាតិអាចនឹងត្រូវចងក្រងនៅឆ្នាំក្រោយ។ ផែនការនេះនឹងរួមបញ្ចូលមិនត្រឹមតែ ក្រសួងការពារជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏មានផ្នែកផ្សេងទៀតផងដែរ ដូចជាក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលធ្វើឱ្យដំណើរការខុសពីយុទ្ធសាស្ត្រ ដែលក្រសួងការពារជាតិ បានបង្កើតឡើងកាលពីឆ្នាំ២០១៤ លើការផលិតការពារជាតិ និងមូលដ្ឋានបច្ចេកវិទ្យា។
យោងតាមប្រភពបានឱ្យដឹងថា យុទ្ធសាស្ត្រថ្មីនេះត្រូវបានគេរំពឹងថា នឹងលើកទឹកចិត្តដល់ កិច្ចសហការរវាងអាជីវកម្ម រដ្ឋាភិបាល និងបណ្ឌិត្យសភា ដោយបង្ហាញពីទិសដៅនាពេលអនាគតនៃបច្ចេកវិទ្យា និងមូលដ្ឋានផលិតកម្មចាំបាច់។
ការផ្លាស់ប្តូរនេះ គឺស្របតាមយុទ្ធសាស្ត្រសន្តិសុខជាតិ ឆ្នាំ២០២២ ដែលបានសន្យាជំរុញការផលិត និងមូលដ្ឋានបច្ចេកវិទ្យាការពារជាតិ ដោយពណ៌នាថាជា “សមត្ថភាពការពារខ្លួនឯង”។
នៅក្នុងឯកសារដែលត្រូវបានធ្វើបច្ចុប្បន្នភាព ចំពេលមានបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង រដ្ឋាភិបាលក៏បាននិយាយផងដែរថា ការផ្ទេរឧបករណ៍ និងបច្ចេកវិទ្យាការពារជាតិគឺជា “ឧបករណ៍គោលនយោបាយសំខាន់” ដើម្បីបង្កើតបរិយាកាសសន្តិសុខ ដែលចង់បានសម្រាប់ប្រទេសជប៉ុន និងការផ្តល់ជំនួយដល់ប្រទេសដែលប្រឈមមុខនឹង ការភ័យខ្លាចនៃការប្រើប្រាស់កងកម្លាំង។
ដោយផ្អែកលើគោលការណ៍ ណែនាំគោលនយោបាយរយៈពេលវែង ប្រទេសជប៉ុនបានបន្ធូរបន្ថយបន្តិចម្តងៗ នូវវិធានដ៏តឹងរឹងរបស់ខ្លួនលើ ការផ្ទេរឧបករណ៍ការពារ ដែលត្រូវបានរក្សាទុកនៅក្រោមរដ្ឋធម្មនុញ្ញ ដែលបោះបង់ចោលសង្រ្គាម ៕
ប្រែសម្រួល ឈូក បូរ៉ា