ព័ត៌មានអន្តរជាតិ

ថៃ៖ ក្រុមអ្នកជិះម៉ូតូកំសាន្តចុះ Trip ចំនួនរាប់ពាន់នាក់ ធ្វើឱ្យប៉ូលីសចរាចរណ៍ឈឺក្បាល

Highway police photo

បរទេស៖ ប៉ូលីសនៅផ្លូវហាយវេក្នុងតំបន់ បានស្ទាក់ចាប់អ្នកជិះម៉ូតូតាមដងផ្លូវចំនួន ៤០០នាក់ និងផាកពិន័យចំនួន ៧២ នាក់ពីបទបំពានច្បាប់ចរាចរណ៍ ខណៈដែលអ្នកជិះម៉ូតូជំទង់រាប់ពាន់នាក់ ធ្វើដំណើរកំសាន្តរដូវរងារ ឬ ចុះ Trip ទៅកាន់ខេត្តភាគខាងជើង ភាគខាងក្រោមនៅចុងសប្តាហ៍នេះ។

យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា ព្រឹត្តិការណ៍រយៈពេលពីរថ្ងៃដែលមានឈ្មោះថា “Trip Nam Mai Arb” (No Shower Trip) ត្រូវបានដាក់ឱ្យដំណើរការនាពេលថ្មីៗនេះ តាមអ៊ីនធឺណិត ដោយបានអញ្ជើញអ្នកជិះម៉ូតូ និងរីករាយក្នុងរដូវរងារនៅ Phu Thap Boek ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយមមួយនៅស្រុក Lom Kao និងឧទ្យានជាតិ Khao Kho នៅស្រុកឡោមកៅ នៅថ្ងៃទី២៣-២៤ ខែវិច្ឆិកា។

ព្រឹត្តិការណ៍នេះត្រូវបានគេប៉ាន់ស្មានថា ទាក់ទាញអ្នកជិះកង់វ័យក្មេងប្រហែល ៦ ពាន់នាក់។

លោកវីរៈសេនីយ៍ Warabordin Lertsupasinsathit អធិការនៅប៉ូលីសប៉ុស្តិ៍ផ្លូវហាយវេទី៥ នៃអនុផ្នែកទី ១ បាននិយាយថា ប៉ូលីសនៅផ្លូវហាយវេរបស់ Phetchabun បានបង្កើតប៉ុស្តិ៍ត្រួតពិនិត្យចំនួន ៣ នៅក្នុងស្រុក Sri Thep, Bueng Sam Phan និង ស្រុក Lom Kao កាលពីថ្ងៃសៅរ៍។ ការធ្វើបែបនេះ គឺដើម្បីធានាឱ្យអ្នកជិះម៉ូតូទាំងអស់ គោរពច្បាប់ចរាចរណ៍ និងសុវត្ថិភាពផ្លូវឱ្យបានហ្មត់ចត់ និងមិនបង្កឱ្យមានការរំខានដល់សាធារណជន ។

កាលពីថ្ងៃសៅរ៍ ប៉ូលីសបានបញ្ឈប់ម៉ូតូចំនួន ៤០០ គ្រឿង និងរថយន្តដឹកជញ្ជូនចំនួន ៣០គ្រឿង ដែលដឹកម៉ូតូ ដើម្បីត្រួតពិនិត្យ។ ការត្រួតពិនិត្យនោះ គឺប៉ូលីសបានផាកពិន័យអ្នកជិះម៉ូតូ៧២នាក់ ដែលល្មើសច្បាប់ចរាចរណ៍, ៣៨នាក់មិនបង្ហាញស្លាកលេខ, ១៦នាក់មិនមានប័ណ្ណបើកបរ, ១៧នាក់មិនពាក់មួកសុវត្ថិភាព, និងអ្នកជិះម៉ូតូម្នាក់ មិនបង្ហាញស្ទីគ័រពន្ធយានយន្តប្រចាំឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top