ព័ត៌មានអន្តរជាតិ

Update: ប្រធានាធិបតីហ្វីលីពីនថា លោកនឹងប្រឆាំងតបតវិញ ក្រោយពីអនុប្រធានាធិបតី គំរាមសម្លាប់លោកជាសាធារណៈ

AFP

បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃចន្ទបានពណ៌នាការគំរាមកំហែង ជាសាធារណៈដោយអនុប្រធានាធិបតី ក្នុងការសម្លាប់រូបលោកថាជាផែនការឧក្រិដ្ឋ ហើយបានប្តេជ្ញាថានឹងប្រយុទ្ធប្រឆាំងវិញ នៅក្នុងការប៉ះទង្គិចគ្នារវាងមេដឹកនាំកំពូល ទាំងពីររបស់ប្រទេស។

យោងតាមសារព័ត៌មាន AP ចេញផ្សាយកាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា អនុប្រធានាធិបតីហ្វីលីពីន លោកស្រី Sara Duterte បាននិយាយកាលពីថ្ងៃសៅរ៍នៅក្នុង សន្និសីទសារព័ត៌មានអនឡាញថា លោកស្រីបានចុះកិច្ចសន្យា ធ្វើឃាតដើម្បីសម្លាប់ប្រធានាធិបតី ភរិយារបស់លោក និងប្រធានសភា ប្រសិនបើលោកស្រីខ្លួនឯងត្រូវបានគេសម្លាប់ នៅក្នុងការគំរាមកំហែងដែលលោកស្រីបានព្រមានថា មិនមែនជារឿងកំប្លែងនោះទេ។

នគរបាលជាតិ និងយោធា ភ្លាមៗបានបង្កើនសន្តិសុខសម្រាប់ប្រធានាធិបតី ហើយនាយកដ្ឋានយុត្តិធម៌បាននិយាយថា ខ្លួននឹងកោះហៅអនុប្រធានសម្រាប់ការស៊ើបអង្កេត។ ក្រុមប្រឹក្សាសន្តិសុខជាតិបាននិយាយថា ខ្លួនបានចាត់ទុកការគំរាមកំហែងនេះ ជាកង្វល់សន្តិសុខជាតិ។

អនុប្រធាន ដែលជាមេធាវីផងដែរនោះ ក្រោយមកបានព្យាយាមបង្វែរ ការកត់សម្គាល់របស់ខ្លួនវិញ ដោយនិយាយថា វាមិនមែនជាការគំរាមកំហែងពិតប្រាកដទេ ប៉ុន្តែជាការបង្ហាញអំពីការព្រួយបារម្ភអំពី សុវត្ថិភាពផ្ទាល់ខ្លួនរបស់លោកស្រី ចំពោះការគំរាមកំហែងដែលមិនបានបញ្ជាក់។

លោកស្រី Sara Duterte បានប្រាប់អ្នកកាសែតថា «ហេតុអ្វីបានជាខ្ញុំសម្លាប់គាត់ បើសិនមិនមែនជាការសងសឹក? គ្មានហេតុផលសម្រាប់ខ្ញុំសម្លាប់គាត់ទេ។ តើមានប្រយោជន៍អ្វីសម្រាប់ខ្ញុំ?» ៕

ប្រែសម្រួលៈ ណៃ តុលា

To Top