បរទេស៖ សហរដ្ឋអាមេរិក បានច្រានចោល ការព្រមានរបស់រុស្ស៊ី ដែលថា ខ្លួននឹងចាត់វិធានការចាំបាច់ ប្រសិនបើកូរ៉េខាងត្បូង ផ្តល់អាវុធធុនធ្ងន់ ដល់អ៊ុយក្រែន។
យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Patrick Ryder លេខាធិការសារព័ត៌មាន នៃក្រសួងការពារជាតិ អាមេរិក បាននិយាយ កាលពីថ្ងៃអង្គារ ក្នុងអំឡុងសន្និសីទ សារព័ត៌មាន អំពីប្រទេសរុស្ស៊ីព្រមានកូរ៉េខាងត្បូង ប្រឆាំងនឹងការ ផ្តល់អាវុធដល់អ៊ុយក្រែនថា “រុស្ស៊ីច្បាស់ណាស់ បានឈ្លានពានអ៊ុយក្រែន” ។ «ពួកគេអាចបញ្ចប់សង្គ្រាមថ្ងៃនេះ ដោយដកទ័ពចេញ ពីទឹកដីអ៊ុយក្រែន និងស្ដារសន្តិភាព និងស្ថិរភាពក្នុងតំបន់» ។
អ្នកនាំពាក្យក្រសួងការបរទេសលោក Matthew Miller បានធ្វើការកត់សម្គាល់ស្រដៀងគ្នានេះ កាលពីថ្ងៃចន្ទ ក្នុងអំឡុងសន្និសីទ សារព័ត៌មាន ដោយសង្កត់ធ្ងន់ថា រុស្ស៊ីទទួលខុសត្រូវទាំងស្រុង ចំពោះការដាក់ពង្រាយទាហាន កូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ី។
លោក Miller បាននិយាយថា “វាគឺរុស្ស៊ី និងរុស្ស៊ីតែមួយគត់ដែលទទួលខុសត្រូវ ចំពោះការព្រួយបារម្ភ ផ្នែកសន្តិសុខពិត ប្រាកដ ដែលកូរ៉េខាងត្បូង និង សហរដ្ឋអាមេរិក និងជប៉ុន និងប្រទេស មួយចំនួនទៀតមាន អំពីចលនារបស់កង ទ័ពកូរ៉េខាងជើង ដើម្បីចូលរួមក្នុងការប្រយុទ្ធនៅប្រទេសរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន” ។
កាលពីថ្ងៃអាទិត្យ អនុរដ្ឋមន្ត្រីការបរទេស រុស្ស៊ីលោក Andrey Rudenko បាននិយាយនៅក្នុងបទសម្ភាសន៍ ជាមួយទីភ្នាក់ងារព័ត៌មានរដ្ឋរបស់ប្រទេស TASS ថា “ទីក្រុងសេអ៊ូល ត្រូវតែដឹងថា ការប្រើប្រាស់អាវុធ របស់កូរ៉េខាងត្បូង ដែលអាចសម្លាប់ពលរដ្ឋរុស្ស៊ី នឹងបំផ្លាញទំនាក់ទំនង រវាងប្រទេស របស់យើងទាំងស្រុង” ។
លោក Rudenko បន្តដោយនិយាយថា “យើងនឹងឆ្លើយតប តាមគ្រប់មធ្យោបាយ ដែលយើងរកឃើញថាចាំបាច់” ។
ជាការឆ្លើយតប រដ្ឋាភិបាលកូរ៉េខាងត្បូង បានថ្កោលទោស ទំនាក់ទំនងយោធាកាន់តែស៊ីជម្រៅរវាងទីក្រុងមូស្គូ និងទីក្រុងព្យុង យ៉ាង ហើយបាននិយាយថា ខ្លួននឹងចាត់វិធានការឆ្លើយ តបជាដំណាក់កាលៗ ប្រឆាំងនឹងកិច្ច សហប្រតិបត្តិការ របស់ប្រទេសទាំងពីរ ៕
ប្រែសម្រួលៈ ណៃ តុលា