ព័ត៌មានជាតិ

ក្រុមការងារ ឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃថ្នាក់សាខាខេត្តបាត់ដំបង រៀបចំទិវាពិភពលោក ប្រយុទ្ធនឹង ជំងឺអេដស៍ ១ ធ្នូ

បាត់ដំបង ៖ លោក សុខ លូ ប្រធានក្រុមការងារឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃថ្នាក់សាខា ខេត្តបាត់ដំបង នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៤ បានអញ្ជើញជាគណៈធិបតី ក្នុងទិវាពិភពលោក ប្រយុទ្ធនឹងជំងឺអេដស៍ ១ ធ្នូ ២០២៤ ក្រោមប្រធានបទ “សិទ្ធិជាមាគ៌ាឆ្ពោះទៅបញ្ចប់អេដស៍” និង សំណេះសំណាល សួរសុខទុក្ខព្រមទាំងផ្ដល់អំណោយ ដល់អ្នកផ្ទុកមេរោគអេដស៍ ចំនួន១៥០នាក់។

ក្នុងពិធីដែលធ្វើឡើង នៅបរិវេណវត្តរកា ស្ថិតក្នុងភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង លោក សុខ​ លូ បានពាំនាំប្រសាសន៍ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងជាឥស្សរជនឆ្នើម ថ្នាក់ជាតិ នៃវេទិកាភាព ជាអ្នកដឹកនាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក ឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ និងការអភិវឌ្ឍនៅកម្ពុជា និងជាឥស្សរជនឆ្នើមថ្នាក់ជាតិ នៃផែនការសកម្មភាព រួមអគ្គលេខាធិការ អង្គការសហប្រជាជាតិ ដើម្បីសុខភាពស្ត្រីនិងកុមារ ដែលផ្តាំផ្ញើសួរសុខទុក្ខ ដល់អ្នកផ្ទុកមេរោគ អេដស៍ទាំងអស់ បើទោះបីជាសម្តេចមិនបានអញ្ជើញ មកដោយផ្ទាល់តែសម្តេច តែងតែមានក្តីនឹករលឹក និង អាណិតស្រឡាញ់ ដ៏ជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋទាំងអស់ ដោយមិនប្រកាន់រើស អើងវណ្ណៈ ជាតិសាសន៍ពណ៌សម្បុរ ឬនិន្នាការ នយោបាយអ្វីឡើយ ពោលគឺទីណាមានទុក្ខលំបាក ទីនោះមានកាកបាទ ក្រហមកម្ពុជា ។

លោក សុខ លូ បានថ្លែងបញ្ជាក់ថា ការប្រារព្ធទិវាពិភពលោកប្រយុទ្ធនឹង ជំងឺអេដស៍ ក្នុងពេលនេះគូសបញ្ជាក់ ពីការយកចិត្តទុកដាក់ របស់កាកបាទក្រហមកម្ពុជា ជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ភាព មិនរើសអើង ជាមួយអ្នករស់នៅ ជាមួយមេរោគអេដស៍ និងការលើកកម្ពស់សិទ្ធិរស់ នៅស្មើមុខស្មើមាត់ ជាមួយប្រជាពលរដ្ឋ ទូទៅក្នុងសង្គមជាតិ និង ជាការបង្ហាញពីវឌ្ឍនភាព ការងាររបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី សម្រេចបានមួយឆ្នាំកន្លងមក ក្នុងការឈានឆ្ពោះ ទៅបញ្ចប់បញ្ហាអេដស៍នៅកម្ពុជា ។

ទន្ទឹមនឹងនេះ លោក សុខ លូ បានអំពាវនាវដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមជាពហុវិស័យជាមួយ កាកបាទក្រហមកម្ពុជា អាជ្ញាធរជាតិ ស្ថាប័នរដ្ឋ-ឯកជន សប្បុរសជន និង ដៃគូគ្រប់មជ្ឈដ្ឋាន ដើម្បីយើងទាំងអស់គ្នាឈាន ទៅសម្រេចគោលដៅ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបញ្ចប់បញ្ហាអេដស៍ នៅឆ្នាំ២០២៥ ។

លោក សុខ លូ បានបន្តអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ ចូលរួមសហការជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុង ការរាយការណ៍ពេលជួបនឹងសកម្មភាពនានាពីការជួញដូរ ចែកចាយ និងប្រើប្រាស់គ្រឿងញៀន នៅតាមសហគមន៍ ការចំណាកស្រុកខុសច្បាប់ ដើម្បីមានការអន្តរាគមន៍ បង្រ្កាបបានទាន់ពេលវេលា ។

លោក សុខ លូ ថ្លែងបន្ថែមថា បញ្ហាគ្រោះថ្នាក់ចរាចរណ៍ នៅតែជាហានិភ័យខ្ពស់ សម្រាប់ការរស់នៅប្រចាំថ្ងៃ របស់យើងទាំងអស់គ្នា ហើយសូមឱ្យប្រជាពលរដ្ឋ ចូលរួមអប់រំណែនាំកូន ចៅរបស់ខ្លួនឱ្យបានជាប់ជាប្រចាំ ដើម្បីឱ្យពួកគេគោរព ច្បាប់ចរាចរណ៍ ពិសេសក្នុងពេកបើកបរ សូមកុំសេពគ្រឿងស្រវឹង ត្រូវពាក់មួកសុវត្ថិភាព រាល់ពេលបើកបរម៉ូតូ ទោះទៅណាជិត ឬឆ្ងាយ និងពាក់ខ្សែក្រវ៉ាត់ឱ្យបានត្រឹមត្រូវ ពេលបើកបររថយន្ត ដើម្បីកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍សម្រាប់ខ្លួនឯង និងអ្នកដទៃ ៕

To Top