ភ្នំពេញ ៖ ប្រជាពលរដ្ឋ ដែលជាអ្នកប្រកប របរសេដ្ឋកិច្ច ក្រៅប្រព័ន្ធ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស១,៥ លាននាក់ របស់រាជរដ្ឋាភិបាលកម្ពុជា គឺជាឱកាសក្នុងការសិក្សាជំនាញ បន្ថែមលើជំនាញបច្ចុប្បន្ន ដើម្បីមានលទ្ធភាពក្នុងការពង្រីក និងបង្កើតមុខរបរថ្មី ឱ្យកាន់តែប្រសើរ និងមានប្រាក់ ចំណូលច្រើនជាងមុន។
លោកស្រី សារី ហ្វីនី ជាអាជីវករលក់នុយត្រី ស្ថិតនៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ បានលើកឡើងថា ខ្លួនបានបញ្ចប់ការ សិក្សាជំនាញវិជ្ជាជីវៈ ផ្នែកធ្វើនំដោយជោគជ័យ កាលពីប៉ុន្មានខែមុន ។ ស្រ្តីរូបនេះបាន សម្រេចចិត្តចូល សិក្សាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ក្នុងគោលបំណង ដើម្បីបន្ថែមជំនាញពីលើមុខ របរបច្ចុប្បន្នដែលមានស្រាប់។
សម្រាប់លោកស្រី ការសិក្សាជំនាញវិជ្ជាជីវៈ គឺមានភាពងាយស្រួលក្នុងការសិក្សា ពីព្រោះកម្មវិធីមួយនេះ មានជំនាញ ជាច្រើន ដែលអាចជ្រើសរើសដើម្បីសិក្សាបាន ជាពិសេសមានជំនាញ ដែលអាចឱ្យពលរដ្ឋ ដែលមានវ័យច្រើនអាច ចូលរៀនបាន ។ លើសពីនោះ គឺការសិក្សាជំនាញ មួយនេះអាចជ្រើសរើស ម៉ោងសិក្សាច្រើនវេន មានទាំងព្រឹក រសៀល និងយប់ ចាប់ពីថ្ងៃចន្ទ ដល់សុក្រ និងសៅរ៍ អាទិត្យ ដែលសុទ្ធសឹងតែជាពេលវេលាល្អ សម្រាប់ពលរដ្ឋ ដែលជាអ្នក ប្រកបរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធអាចសិក្សាបាន។
លោកស្រីថាខ្លួននឹងបង្កើត មុខរបរថ្មីមួយទៀត លើជំនាញ ដែលបានសិក្សានាពេលកន្លងមក ។ លោកស្រីលើកទឹកចិត្តទៅ ដល់បងប្អូនដែលជាអ្នកប្រកបរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធឱ្យមកចាប់ ឱកាសក្នុងការសិក្សាជំនាញ វិជ្ជាជីវៈណាមួយបន្ថែមទៀត ដើម្បីមានលទ្ធភាពក្នុងការបង្កើត និងបង្កើនមុខរបរថ្មីនាពេលអនាគត ។ ជាពិសេសពលរដ្ឋដែល ជាអ្នកប្រកបរបរ សេដ្ឋកិច្ចក្រៅ ប្រព័ន្ធដែលមានជីវភាពខ្វះខាត ដែលអាចសិក្សាជំនាញនេះ ដោយឥតគិតថ្លៃ និងមានប្រាក់ឧបត្ថម្ភ ពីរាជរដ្ឋាភិបាល ជារៀងរាល់ខែផងដែរ។
ចំណែក លោកស្រី ចាប ចិន្តា ដែលជាអាជីវករលក់បាយ ស្ថិតនៅគីឡូម៉ែត្រលេខ៦ រាជធានីភ្នំពេញ បានលើកឡើងថា កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលកម្ពុជា ដែលផ្តល់ឱ្យលើការ សិក្សាជំនាញមួយ ដោយឥតគិតថ្លៃ និង មានប្រាក់ឧបត្ថម្ភ គឺជាឱកាសសម្រាប់ពលរដ្ឋ ដែលជាអ្នកប្រកបរបរសេដ្ឋកិច្ច ក្រៅប្រព័ន្ធអាច មានលទ្ធភាពក្នុង ការសិក្សាជំនាញថ្មី អាចបង្កើតមុខរបរឱ្យល្អជាងមុន ទទួលបានប្រាក់ចំណូលសមរម្យ និងបន្ថែមលើ របរបច្ចុប្បន្ន។
ពាក់ព័ន្ធនឹងព័ត៌មាន សិក្សាជំនាញវិជ្ជាជីវៈ លោកស្រីធ្លាប់ឃើញ មានអាជ្ញាធរមូលដ្ឋាន បានផ្តល់ព័ត៌មាន អំពីការ សិក្សាជំនាញវិជ្ជាជីវៈ ទៅដល់បងប្អូនប្រជាពលរដ្ឋ បានពេញលេញ នៅមូលដ្ឋាននាពេលកន្លងមក និងបានលើក ទឹកចិត្ត ទៅដល់យុវជន ដែលទទួលបាន លទ្ធផលមិនល្អ ក្នុងការប្រឡងថ្នាក់ទី១២ ជាពិសេសពលរដ្ឋ ដែលជាអ្នករកសុីបន្តិចបន្តួច ឱ្យទៅចាប់យកឱកាសក្នុងការសិក្សាជំនាញបន្ថែម ពីព្រោះការសិក្សា ជំនាញមានរយៈពេលខ្លី ហើយអាចជ្រើសរើស ម៉ោងសិក្សាបានច្រើនវេន ដែលអាចឱ្យពលរដ្ឋឆ្លៀត ពេលទៅទទួលការសិក្សា ជំនាញថ្មីដោយគ្មានបញ្ហាប្រឈម និងប៉ះពាល់ការរកសុី។
ទន្ទឹមនេះ ពលរដ្ឋដែលជាអ្នក ប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ ថ្លែងអំណរគុណ រាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយក ចិត្តទុក ដាក់មកលើពលរដ្ឋ ជាពិសេសអ្នកប្រកបរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ កន្លងមកតាមរយៈការដាក់ចេញ នូវកម្មវិធីលើកកម្ពស់ ជីវភាពពលរដ្ឋជាច្រើន ជាពិសេស នៅក្នុង អាណត្តិទី៧នេះ ដែលមានទាំងកម្មវិធី បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈសិក្សាដោយឥតគិតថ្លៃ រួមនិងការពង្រីកវិសាលភាព បេឡាជាតិសន្តិសុខសង្គម ដែលអាចអនុញ្ញាត ឱ្យពលរដ្ឋដែលជាអ្នកប្រកបរបរ សេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចក្លាយជាសមាជិក ដើម្បីទទួលបានការសេវាថែទាំសុខភាព មួយយ៉ាងមានប្រសិទ្ធភាពទៀតផង។
បើតាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីរាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តកម្មវិធី បណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស កាលពីខែវិច្ឆិកា ឆ្នាំ២០២៣ រហូតមកដល់ខែវិច្ឆិកា ឆ្នាំ២០២៤នេះ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិមួយនេះបានទទួលសិស្ស ចុះឈ្មោះចូលរៀនសរុបចំនួនជិត៨មុឺននាក់នៅទូទាំងប្រទេស។ យោងតាមលទ្ធផលក្នុងរយៈពេលមួយឆ្នាំ កម្មវិធីបណ្តុះបណ្តាលថ្នាក់ជាតិ មួយនេះបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួន ក្នុងការបណ្តុះបណ្តាលជំនាញ ដល់យុវជនយ៉ាងសកម្ម នៅទូទាំងប្រទេស ហើយទទួលបានលទ្ធផលប្រកបដោយផ្លែផ្កា។ ក្នុងនោះនៅតាមគ្រឹះស្ថានបណ្តុះ បណ្តាលបច្ចេកទេស នៅទូទាំងប្រទេសក៏បានប្រកាសជ្រើសរើស យុវជនចូលសិក្សាជំនាញជាបន្តបន្ទាប់ផងដែរ៕