ព័ត៌មានជាតិ

អង្គការ MAG ប្តេជ្ញានឹងបន្តកិច្ចប្រតិបត្តិការ សកម្មភាពមីន ជាមួយកម្ពុជា ស្របតាមគោលដៅ កំណត់ថ្មី

ភ្នំពេញ៖ លោក Darren Cormack នាយកប្រតិបត្តិនៃអង្គការ MAG បានប្តេជ្ញានឹងបន្តកិច្ចប្រតិបត្តិការ សកម្មភាពមីន ជាមួយកម្ពុជា ស្របតាមគោលដៅកំណត់ថ្មី កម្ពុជាគ្មានផលប៉ះពាល់ ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ។

ការបញ្ជាក់ពីការប្ដេជ្ញា របស់នាយកប្រតិបត្តិនៃអង្គការ MAG ធ្វើឡើងនាថ្ងៃទី២៩ ខែវិច្ឆិកានេះ ក្នុងឱកាសជួបពិភាក្សាការងារស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការសកម្មភាពមីន ជាមួយ ទេសរដ្ឋមន្រ្តី លី ធុជ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ។

ក្នុងជំនួបនោះទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះ លោក Darren Cormack ដែលបានចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ និងបានថ្លែងអំណរចំពោះការរួមចំណែករបស់អង្គការ MAG សម្រាប់សកម្មភាពមីននៅកម្ពុជា ថ្នាក់តំបន់ និងពិភពលោក។

លោកទេសរដ្ឋមន្ត្រីបញ្ជាក់ថា វឌ្ឍនភាពសម្រេចបាននៃ ការអនុវត្តអនុសញ្ញាអូតាវ៉ារយៈពេល ២៥ឆ្នាំ បានមកពីការរួមចំណែកជាផ្នែកមួយរបស់អង្គការ MAG ផងដែរ។

លោក Darren Cormack បានវាយតម្លៃខ្ពស់ ចំពោះភាពជាអ្នកដឹកនាំរបស់កម្ពុជា សម្រាប់ការអនុវត្តអនុសញ្ញាហាមប្រាមការ ប្រើប្រាស់មីនប្រឆាំងមនុស្ស ហើយបានបញ្ជាក់ទៀតថា «អង្គការ MAG ប្តេជ្ញានឹងបន្តកិច្ចប្រតិបត្តិការសកម្មភាពមីន ជាមួយកម្ពុជា ស្របតាមគោលដៅកំណត់ថ្មី កម្ពុជាគ្មានផល ប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម» ៕

To Top