កាប៊ុល ៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍កាលពីថ្ងៃពុធថា សាកសពជនចំណាកស្រុក អាហ្វហ្គានីស្ថាន ចំនួន១០០នាក់ដែលបានបាត់បង់ជីវិត ក្នុងប្រទេសអ៊ីរ៉ង់ ត្រូវបានគេបញ្ជូនមកាន់ ទៅប្រទេសអាហ្វហ្គានីស្ថានវិញ ក្នុងរយៈពេល២ខែកន្លងមកនេះ ។
សារព័ត៌មាន TOLOnews បានដកស្រង់សម្តីលោក Sayed Sulaiman Agha Baheer អភិបាលរងខេត្ត Nimroz របស់ប្រទេសអាហ្វហ្គានីស្ថាន ដែលបានលើកឡើងដូច្នេះថា សាកសពនៃអ្នកស្លាប់ ត្រូវបានប្រគល់ទៅឱ្យមន្ត្រី នៅក្នុងតំបន់នៅខេត្ត Nimroz ព្រំដែនប្រទេសអាហ្វហ្គានីស្ថាន ។
គេបានដឹងថា ពលរដ្ឋអាហ្វហ្គានីស្ថាន រាប់ពាន់នាក់ ធ្វើដំណើរទៅកាន់ប្រទេសអ៊ីរ៉ង់ ជារៀងរាល់ថ្ងៃ ដើម្បីស្វែងរកការងារ និងជំនួយហិរញ្ញវត្ថុសម្រាប់គ្រួសាររបស់ពួកគេ ។
ជនភៀសខ្លួនអាហ្វហ្គានីស្ថាន ប្រហែល៧លាននាក់ ត្រូវបានគេរាយការណ៍មកថា កំពុងរស់នៅក្រៅប្រទេសដោយភាគច្រើន ពួកគេរស់នៅក្នុងប្រទេសប៉ាគីស្ថាន និងអ៊ីរ៉ង់ ដែលជាប្រទេសជិតខាង របស់អាហ្វហ្គានីស្ថាន ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា