ព័ត៌មានអន្តរជាតិ

គ្រោះបាក់ដី នៅឥណ្ឌូនេស៊ី ឆក់យកជីវិត មនុស្សតិចបំផុត ៧នាក់ និងបាត់ខ្លួន លើសពី៧នាក់

xinhua

ហ្សាការតា ៖ យោងតាមក្រុមអ្នកជួយសង្គ្រោះ និងមន្ត្រីជាន់ខ្ពស់បានឲ្យដឹងថា គ្រោះបាក់ដីនៅខេត្តស៊ូម៉ាត្រា ខាងជើងរបស់ប្រទេសឥណ្ឌូនេស៊ី បានឆក់យកជីវិត មនុស្សយ៉ាងហោចណាស់ ចំនួន៧នាក់ និងលើសពី៧នាក់ ផ្សេងទៀតបានបាត់ខ្លួន ។

លោក Mustari ប្រធានការិយាល័យស្វែងរក និងជួយសង្គ្រោះខេត្ត បានលើកឡើង កាលពីថ្ងៃព្រហស្បតិ៍ថា “យើងបាននំាយកសាកសពចំនួន០៧នាក់ ហើយយើងនៅតែកំពុង ស្វែងរកជនរងគ្រោះផ្សេងទៀត” ។ លោកបានលើកឡើងទៀតថា មនុស្សជាង១០នាក់ បានរងរបួសក្នុងពេលមានគ្រោះបាក់ដី ។

លោក Tuahta Ramajaya Saragih ប្រធានទីភ្នាក់ងារគ្រប់គ្រង និងកាត់បន្ថយគ្រោះមហន្តរាយខេត្ត បានឱ្យដឹងថា គ្រោះមហន្តរាយបានចាប់ផ្តើមកើតឡើងកាលពីយប់ថ្ងៃអង្គារ នៅតាមដងផ្លូវតភ្ជាប់ពីរដ្ឋធានីខេត្ត Medan ជាមួយរមណីយដ្ឋានទេសចរណ៍ Berastagi ។

លោក Saragih បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ថា ភ្លៀងធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំង ពីថ្ងៃអង្គារបានបណ្តាលឱ្យមានគ្រោះបាក់ដីកើតឡើង ហើយទឹកភ្លៀងនៅតែបន្ត ធ្លាក់ចុះនិងបង្កើតឲ្យមានគ្រោះ បាក់ដីតិចតួចនៅកន្លែងកើតហេតុ ។

លោកបានបញ្ជាក់ថា “គ្រោះបាក់ដីបានហូរច្រោះ និងកប់មកលើរថយន្ត ឡានក្រុង និងឡានដឹកទំនិញដែលធ្វើដំណើរតាមដងផ្លូវ ។ របាយការណ៍បង្ហាញថា មនុស្សពី៧ទៅ១១នាក់កំពុងបាត់ខ្លួន ដែលទំនងជាជាប់នៅក្នុងឡានក្រុងដឹកអ្នកដំណើរ” ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top