បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សមាជិកព្រឹទ្ធសភាមកពីគណបក្ស សាធារណរដ្ឋ លោក Lindsey Graham បានប្រាប់ Axios ក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃសុក្រថា ប្រធានាធិបតី ជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Donald Trump ចង់ឃើញអ៊ីស្រាអែល និងក្រុម Hamas ឈានដល់កិច្ចព្រមព្រៀង ស្តីពីបទឈប់បាញ់គ្នា នៅក្នុងតំបន់ហ្គាហ្សាភ្លាមៗហើយ និងធ្វើការដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល ដែលនៅសល់ទាំងអស់ផងដែរ។
គួរឲ្យដឹងដែរថា ប្រជាជនប៉ាឡេស្ទីនជាង៤៤,០០០នាក់ ត្រូវបានសម្លាប់នៅហ្គាហ្សា ចាប់តាំងពីការប្រយុទ្ធគ្នាបានផ្ទុះឡើង រវាងក្រុមហាម៉ាស់ និងកងកម្លាំងការពារអ៊ីស្រាអែល ជាងមួយឆ្នាំមុន។
ប្រតិបត្តិការរបស់កងកម្លាំងយោធាអ៊ីស្រាអែល IDFនៅក្នុងតំបន់ក្របខណ្ឌប៉ាឡេស្ទីន ត្រូវបានបង្កឡើងដោយការវាយប្រហារ ដ៏គួរឱ្យភ្ញាក់ផ្អើលរបស់ក្រុមហាម៉ាសកាលពីថ្ងៃទី៧ខែតុលា ឆ្នាំ២០២៣ ដែលបានធ្វើឱ្យជនជាតិអ៊ីស្រាអែល ប្រហែល ១,២០០ នាក់បានបាត់បង់ជិវិត ។
មកទល់ពេលនេះក្រុមហាម៉ាស នេះបានចាប់ចំណាប់ខ្មាំងជាង២៥០នាក់ ដែលប្រហែល១០០ នាក់ ត្រូវបានគេជឿថា នៅតែត្រូវបានឃុំខ្លួននៅក្នុងហ្គាហ្សា។
លោក Graham បានប្រាប់ Axois បន្ថែមថា៖លោក Trump មានការតាំងចិត្តច្រើនជាងពេលណាៗទាំងអស់ ក្នុងការដោះលែងចំណាប់ខ្មាំង និងគាំទ្របទឈប់បាញ់ ដែលរួមមានកិច្ចព្រមព្រៀងចំណាប់ខ្មាំង ។ គាត់ចង់ឃើញវាកើតឡើងឥឡូវនេះ ។ គាត់បានធ្វើដំណើរទៅកាន់មជ្ឈិមបូព៌ា កាលពីដើមខែនេះ ហើយបានជួបជាមួយរាជទាយាទអារ៉ាប៊ីសាអូឌីត Mohammed Bin Salman និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahuរួចរាល់ហើយផងដែរ ៕
ប្រែសម្រួល៖ស៊ុនលី